ថៃហាមមិនឱ្យនាវាទេសចរណ៍ខ្នាតយក្សចូលចតព្រោះខ្លាចមានអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ខណះប្រទេសដ៏ទៃក៏មិនឱ្យចូល

26795
  • ប្រទេសថៃ បានមិនអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍មួយគ្រឿងចូលចត និងដាក់អ្នកដំណើរនៅឯកំពង់ផែក្រុង ឡេមឆាបាង (Laem Chabang) នោះឡើយ ព្រោះតែខ្លាចនៅលើនោះមានអ្នកផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលមិនទាន់មានការពិនិត្យត្រឹមត្រូវ ។ នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មានបាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។

    រដ្ឋមន្រ្តីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានបង្ហោះសារខ្លីមួយលើបណ្តាញសង្គម Facebook ដោយបញ្ជាក់ថា លោកបានបង្គាប់អាជ្ញាធរថៃ «មិនឲ្យអនុញ្ញាត» ឲ្យកប៉ាល់ទេសចរណ៍ឈ្មោះ វែស្ទឺរដាម (Westerdam) ចូលចតនៅប្រទេសថៃដាច់ខាត ។ សាររបស់លោករដ្ឋមន្រ្តីសុខាភិបាលថៃ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រតិបត្តិកររបស់កប៉ាល់នោះ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា កប៉ាល់នឹងឲ្យអ្នកដំណើរចុះនៅទីក្រុង Laem Chabang នៃខេត្ត ឈុនបុរី (Chon Buri) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយពីទទួលការបដិសេធពីជប៉ុនមិនឲ្យចូលចតនោះ ។

    គួរឱ្យដឹងថា កប៉ាល់ទេសចរណ៍ខាងលើមានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ ហើយវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។ ហើយកប៉ាល់ទេសចរណ៍នោះបានចាកចេញពីទីក្រុងហុងកុងប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV) ខណៈឧទាហរណ៍ជាក់ស្តែងមួយ បានកើតមានឡើងចទៅហើយ នៅលើនាវាទេសចរណ៍ Diamond Princess ដែលកំពុងចតនៅកំពង់ផែ យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុន ជាមួយអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ១៦១នាក់ ក្នុងចំណោម ៣,៧០០នាក់ដែលជិះនៅលើនោះ ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី