អ្នកចាំទីព្រះខ័នរាជស្វាយរៀង៖ ទោះប៉ះក្រុមខ្លាំងប្រចាំតំបន់អាស៊ាន ក៏មិនញញើតដែរ

134428
  • Ceres Negros គឺជាក្លិបដ៏ខ្លាំងមួយនៅតំបន់អាស៊ាន និងអាចដាក់សម្ពាធលើគូប្រជែងបានគ្រប់ពេល ប៉ុន្តែសមាជិកគ្រប់រូបរបស់ព្រះខ័នរាជស្វាយរៀងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបបើកឆាក AFC Cup 2020 ប្រចាំពូល G នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ។ នេះបើតាមការអះអាងពីអ្នកចាំទី អាំ សុវណ្ណារ៉ាត់ ។

    អ្នកចាំទីដៃទីមួយខាងលើបញ្ជាក់ថា នេះជាការប្រកួតដ៏ធំមួយក្នុងអាជីព ហើយការប៉ះជាមួយក្រុមខ្លាំង តែងតែមានសម្ពាធខ្លះៗ តែយ៉ាងណា គេមិនយកបញ្ហាដាក់ពីមុខ ដោយផ្ដោតតែលើការប្រឹងប្រែងហ្វឹកហាត់ ដើម្បីជួយក្រុមទទួលបានលទ្ធផលល្អក្នុងការប្រកួតកម្រិតអាស៊ីនេះ។
    អាំ សុវណ្ណារ៉ាត់ បាននិយាយថា៖ “សម្រាប់ខ្ញុំ មិនមានសម្ពាធអីធំប៉ុន្មានទេ ព្រោះយើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួប Ceres ដែលជាក្រុមខ្លាំងប្រចាំតំបន់អាស៊ាន។ យើងត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនតាំងពីឈ្នះ Master 7 ។ និយាយពីសម្ពាធវាតែងតែមានតិចតួចហើយ តែយើងបានហ្វឹកហាត់ត្រៀមរួចរាល់ ហើយខ្ញុំក៏មិនគិតពីសម្ពាធនេះដែរ កុំឲ្យយើងរវើរវាយ ខ្វាយខ្វល់ច្រើន នាំតែបាត់បង់ទំនុកចិត្ត ។ យើងផ្ដោតតែលើការហ្វឹកហាត់ត្រៀមសម្រាប់លេងជាមួយពួកគាត់ ” ។

    សូមជម្រាបឱ្យដឹងថា ព្រះខ័នរាជស្វាយរៀង គឺជាក្រុមជើងឯកក្របខណ្ឌ Metfone Cambodian League 2019 (លីគកំពូលកម្ពុជា) ដែលតំណែងឱ្យក្លឹបកម្ពុជាលេងនៅពានរង្វាន់លីគលំដាប់ទី២ របស់ទ្វីបអាស៊ី AFC Cup ខណះជំនួបដំបូងគឺត្រូវជួបជាមួយក្រុមខ្លាំងហ្វីលីពីន Ceres Negros ធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ទីក្រុងម៉ានីល នាវេលាម៉ោង ៧ៈ៣០នាទីយប់ ត្រូវនឹងម៉ោង ៦ៈ៣០នាទីល្ងាចម៉ោងនៅកម្ពុជា ៕

    ដោយ៖ តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី