ក្រសួងវប្បធម៌ អំពាវនាវយុវជនកុំយកថ្ងៃ១៤កុម្ភៈទៅប្រព្រឹត្តអំពើខុសប្រពៃណីខ្មែរឱ្យសោះ

16361
  • យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានឲ្យដឹងថា ថ្ងៃទី ១៤ កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រឹស្តសាសនិកជនបានកំណត់ថាជា ទិវានៃក្តីស្រឡាញ់ជិតឈានចូលមកដល់ហើយ ។ បច្ចុប្បន្ន ទិវានេះបាន និងកំពុងជ្រៀតចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឲ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភ័ន្តច្រលំ នាំឲ្យមានការប៉ៈពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិទៀតផង ។

    ក្រសួងបានបន្តថា ក្នុងបរិការណ៍នេះ ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឲ្យស៊ីជម្រៅចំពោះវប្បធម៌ប្រពៃណី ដែលជាមត៌កដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាស្វែងយល់ឲ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ ដើម្បីបន្សុីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួនក្នុងគោលដៅរក្សាឲ្យបាននូវអាទិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមាន វ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ ។
    ប្រភពដដែលបានបន្ថែមថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះសរ ចំពោះមនុស្សដែលនៅជុំវិញខ្លួន មានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្តាយ ប្ដីប្រពន្ធកូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នាដូចជា ជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាព ការជួបជុំ ពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នា ដោយសេចក្តីសោមន្សរីករាយ ការសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌ ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ ។

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់មាតា បិតាអាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូនកូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី