ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេស អូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលី បានសម្រេចផ្តល់ថវិកាចំនួន ១០លានដុល្លារអាម៉េរិកបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ ដល់កម្ពុជាសម្រាប់ការបោសសម្អាតគ្រាប់មីន ដើម្បីធ្វើយ៉ាងណាឱ្យការដោះមីន សម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនេះ ក្នុងឱកាសដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។
ឯកឧត្តម កុយ គួង អ្នកនាំពាក្សក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងនៅក្រោយជំនួបនេះថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការសោកស្តាយចំពោះគ្រោះហន្តរាយ ដែលបានកើតឡើងនៅប្រទេសអូស្រ្ដាលី ក្នុងពេលកន្លងមកនេះ ហើយជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសលើវិស័យ សាធារណការ និងដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម អប់រំ កសិកម្ម និងទេសចរណ៍ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្តើមចេញពីការបង្កើតទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពី កម្ពុជា និងអូស្រ្តាលី ជាយូរឆ្នាំមកនេះ បានធ្វើឱ្យកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការនេះ ឈានដល់កម្រិតមួយ គឺយោគយល់ ជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ហើយក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត Pablo Chiho Kang ក៏បានបង្ហាញពីទំហំពាណិជ្ជកម្មរបស់អូស្រ្តាលីមកកម្ពុជា ដែលគិតមកដល់ពេលនេះ បានកើនឡើងរហូតដល់ទៅជិត៦០០លានដុល្លារអាម៉េរិក ខណៈពេលប៉ុន្មានឆ្នាំមុននេះ មានមិនដល់៤០លានដុល្លារផងនោះ។ ក្រៅពីនេះ លំហូរនៃភ្ញៀវទេសចរអូស្រ្តាលីមកកម្ពុជាគឺបានកើនប្រមាណជាង២២ម៉ឺននាក់ក្នុងឆ្នាំកន្លងទៅនេះ។ សម្រាប់សិស្ស និស្សិតកម្ពុជាវិញ បានទៅបន្តការសិក្សានៅអូស្រ្តាលី គិតមកដល់ឆ្នាំនេះ មានប្រមាណជាង៣,០០០នាក់ហើយដែរ។
ឯកឧត្តម កុយ គួង បានបន្ថែមថា រាល់ជំនួយរបស់ប្រទេសអូស្រ្តាលីមកកម្ពុជា តែងតែផ្តល់កិច្ចសហការដោយធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងជំនួបនេះដែរ ភាគីទាំងពីក៏បានពិភាក្សាទៅលើកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០នេះ។ លើសពីនេះទៀត ភាគីទាំងពីរក៏បានលើកឡើងពីគម្រោងការផ្លាស់ប្តូរក្រុមយុវជនវ័យក្មេង ចម្រុះបក្សនយោបាយ ដើម្បីទៅទស្សនកិច្ចសិក្សាពីប្រព័ន្ធនយោបាយដឹកនាំរបស់ប្រទេសអូស្រា្តលីផងដែរ ៕
ដោយ៖ សំណាង