មូលនិធិប្រមាណ៩០លានដុល្លារ ត្រូវបានវិនិយោគទៅលើវិស័យអប់រំនិងបច្ចេកទេសនៅកម្ពុជា រយៈពេល៥ឆ្នាំ

18877
  • មូលនិធិសរុបប្រមាណ ៨៨.២៣លានដុល្លាអាមេរិក ត្រូវបានវិនិយោគលើគ្រឹះស្ថាន អប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្នុងការអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែតុលា ឆ្នាំ២០២៤ ក្រោមថវិកាកម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ។

    មូលនិធិនេះជាយន្តការមួយដើម្បីជួយជ្រោមជ្រែងក្នុងការផលិតនូវធនធានមនុស្សឱ្យចំគោលដៅ និងទទួលបានទិន្នផលខ្ពស់។ ភ្នាក់ងារអនុវត្តគម្រោង រួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងវិទ្យាស្ថានជាតិពហុបច្ចេកទេស អង្គរ) ក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ) ការវិនិយោគនេះទៀតសោត ផ្តោតទៅលើ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ដូចជា អគារសិក្សា អន្តេវាសិកដ្ឋាន រោងជាង ឧបករណ៍ សម្ភារបរិក្ខារ ការអភិវឌ្ឍសមត្ថភាពបុគ្គលិក គ្រូ ព្រមទាំងថវិកាបណ្តុះបណ្តាល និងគាំទ្រសកម្មភាពផ្សេងៗទៀត ។
    ទន្ទឹមនឹងនេះ គម្រោងនឹងធ្វើការប្រែក្លាយគ្រឹះស្ថាន និងអង្គភាពអនុវត្តគម្រោង ទៅជាអង្គភាពឈានមុខនៅកម្ពុជា ដែលនឹងផលិតបាននូវអ្នកបច្ចេកទេសប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងវិស័យអាទិភាពដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ឬ ការផ្លាស់ប្តូរនៃបច្ចេកវិទ្យាឥតឈប់ឈរ ក៏ដូចជាការចូលរួមកិច្ចសហការពីវិស័យឯកជនលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ។
    ថ្លែងក្នុងពិធីប្រកាសបើកស្តីពី “ការអនុវត្តគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង” នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងផងដែរនោះ លើកឡើងថា តាមរយៈគម្រោងនេះ នឹងចូលរួមពង្រឹងគុណភាពនៃការផ្គត់ផ្គង់កម្លាំង ពលកម្មជំនាញក្នុងឧស្សាហកម្មនៃវិស័យអាទិភាពទាំង៤ រួមមាន កម្មន្តសាល សំណង់ អគ្គិសនី និងអេឡិចត្រូនិក។ លើសពីនេះ គម្រោងនឹងចូលរួមពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជំនាញតាមវិស័យ និងភ្ជាប់ទំនាក់ទំនងក្នុងការ អភិវឌ្ឍជំនាញ ដោយផ្តោតលើការផ្តល់ជំនាញថ្មី (Skilling) ការបណ្តុះបណ្តាល ជំនាញឡើងវិញ (Reskilling) និងការបំប៉នជំនាញបន្ថែម (Upskilling) ដល់កម្លាំងពលកម្មដែលកំពុងបំពេញការងារទាំងវិស័យសាធារណៈ និងឯកជន ។

    ទន្ទឹមនឹងនោះផងដែរ កិច្ចព្រមព្រៀងភាពជាដៃគូរនឹងត្រូវបានបង្កើតរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីជំរុញកម្មវិធីការសិក្សា ផ្អែកលើការងារ (Work-Based Learning program) និងពង្រីកការអនុវត្តសាកល្បងនូវមូលនិធិអភិវឌ្ឍជំនាញទៅជាយន្តការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ សមាសភាពនៃគម្រោងរួមមាន (១)-ធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពឆ្លើយតបទៅនឹងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/ បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស (២) លើកកម្ពស់កម្មវិធីសិក្សាផ្អែកលើ ការងារ (Work Based Learning program) ជាមួយដៃគូឧស្សាហកម្ម និង (៣) ពង្រីកយន្តការនៃការផ្តល់ហិរញ្ញប្បទាន TVET ប្រកបដោយនវានុវត្តន៍។
    ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានសិក្សា ទាំង៥ និងអង្គភាពអនុវត្តគម្រោង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងនេះ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីសម្រចឱ្យបាននូលគោលដៅនៃលទ្ធផលទាំង៣របស់គម្រោងដែលជាកត្តាចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញសម្រេចឱ្យបាននូវគោលដៅនៃការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី