
ពំនូកចំបើងមួយកន្លែងសម្រាប់យកមកបណ្តុះផ្សិត បានក្លាយទៅជាចំណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំភ្នំតូចបានឲ្យដឹងថា ម្ចាស់ពំនូកចំបើងឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ តាមការរៀបរាប់ពីម្ចាស់ចំបើងបាននិយាយថា ចំបើងទាំងនេះគាត់បានប្រមូលទិញពីគេដោយចងជាដុំ ក្នុង ១ដុំតម្លៃ ៣,០០០រៀល យកមកទុកក្នុងរោង ដែលធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ១២ម៉ែត្រ គុណ ២៥ម៉ែត្រ រងចាំទុកបណ្តុះផ្សិត ដែលចំនួនចំបើងទាំងអស់មាន ៨,០០០ដុំ ។
ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ម្តាយម្ចាស់ចំបើងបានប្រមូលអំពុកចំបើងចាស់ដុតហើយ មិនបាននៅមើល បណ្តាលឲ្យភ្លើងបានរាលដាលឆេះ កន្លែងពំនូកចំបើងដែលទើបទិញមកទុកបណ្តុះផ្សិតនោះ ដោយគ្មានអ្នកណាដឹង លុះភ្លើងឆាបឆេះសន្ធោរសន្ធៅទើបបានដឹងក៏ហួសពេលរោងចំបើង និងចំបើងទាំងនោះបានឆេះអស់ទាំងស្រុង បើគិតពីតម្លៃនៃការខូចខាតជាទឹកប្រាក់ចំនួន ២៥លានរៀល ។ តែក្នុងករណីអគ្គីភ័យនេះ គឺមិនបង្កឲ្យមានការឆាបឆេះរាលដាលដល់កន្លែងផ្សេងនោះឡើយ ៕
វីដេអូ៖
ដោយ៖ សំណាង