និមិត្តសញ្ញានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ រចនាបថខ្មែរបង្កប់អត្ថន័យមិនធម្មតា

15214
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា និមិត្តសញ្ញា (logo) នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញបាន បង្ហាញពីអត្ថន័យនៃការរួមគ្នាលើកកម្ពស់ការ តភ្ជាប់អន្តរតំបន់រវាងអាស៊ី និងអឺរ៉ុប ក៏ដូចជាការសម្រចបាននូវកំណើន និងវិបុលភាពរួមគ្នា ។

    សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឲ្យសេងថា ការរចនានិមិត្តសញ្ញា (logo) នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ ត្រូវបានរំលេចចេញ ពីរចនាបថស្ថាបត្យកម្មខ្មែរ “ជហ្វា” ដែលត្រូវបានប្រើប្រាស់ជាទូទៅនៅលើដំបូលប្រាសាទ និងវត្ត អារាម។ អត្តន័យនៃពាក្យ “ជហ្វា” បានឆ្លុះបញ្ចាំងពីប្រពៃណី និងទំនៀមទម្លាប់នាសម័យអង្គរក្នុង ការអធិដ្ឋាន ដើម្បីទទួលពរជ័យពីចក្រវាឡ និងបានបញ្ជាក់ពីក្តីសង្ឃឹម និងសុទិដ្ឋិនិយមនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់ ASEM ដើម្បីលើកកម្ពស់សន្តិភាពស្ថិរភាព និងវិបុលភាព តាមរយៈពហុភាគី និយមប្រកបដោយប្រសិទ្ធភាព ។
    លើសពីនេះទៅទៀត “ជហ្វា” ដែលបានបង្កើតជាផ្នែកមួយនៃនិមិត្តសញ្ញា ASEM13 នេះ គឺជាការ វិវឌ្ឍនៃទម្រង់រូបនាគ បើតាមទេវកថា គេជឿថា នាគគឺជាស្តេចនៃព្រលឹង និងវិញ្ញាណនៃដែនដីគោក និងទឹក។ អត្ថន័យនៃរូបនាគ ត្រូវបានឆ្លុះបញ្ចាំងពីការផ្ដោតសំខាន់របស់ ASEM ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរតំបន់ ក៏ដូចជាការសម្រចបាននូវកំណើន និងវិបុលភាពរួមគ្នា។
    ក្នុងការថែរក្សាធាតុសំខាន់នៃនិមិត្តសញ្ញា ASEM គំនូសរូប “ជហ្វា” ពណ៌ក្រហមតំណាងឱ្យទ្វីបអាស៊ី និងអក្សរឡាតាំង “E” ពណ៌ខៀវតំណាងឱ្យទ្វីបអឺរ៉ុប។ ដូច្នេះទម្រង់រួមបញ្ចូលគ្នានៃ “ជហ្វា” និងអក្សរ “E” តំណាងឱ្យបណ្តាប្រទេសអាស៊ី និងអឺរ៉ុបដែលធ្វើដំណើរឆ្ពោះទៅមុខនិងរីកចម្រើនរួមគ្នា ។

    សូមបញ្ជាក់ឱ្យដឹងផងដែរថា និមិត្តសញ្ញា (logo) នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ ត្រូវបានគូរដោយលោក សៀង ឆាយលី មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី