ក្រសួងបរិស្ថាន រៀបចំកម្មវិធីបោះតង់នៅដែន​ជម្រកសត្វព្រៃឡង់ នៅថ្ងៃទិវានៃសេចក្ដីស្រឡាញ់

178236
  • តំណាងរាស្ត្រ មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍តំបន់ការពារធម្មជាតិ និងអ្នក ស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថានសរុបចំនួន ប្រមាណ ៥០០នាក់នឹងចូលរួមកម្មវិធីបោះ​តង់​នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខ នៅទីស្នាក់ការព្រះអាទិត្យ​នៃដែន​ជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំ ។ ការរៀបចំកម្មវិធី ធ្វើឡើងដោយក្រសួង​បរិស្ថាន សម្រាប់បោះតង់នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្រោមប្រធានបទ “ថ្ងៃនៃក្តី ស្រឡាញ់ ៖ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ” ឬហៅថា Valentine’s Prey Lang ដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅកម្ពុជា និងជាពិសេសនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ នេះជា​ការ​លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

    ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន សូមអញ្ជើញដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាននានាចូលរួមក្នុងកម្មវិធី​នេះទាំង​អស់គ្នា ដើម្បីរួមសាមគ្គីគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែល ប្រទេសកម្ពុជាយើងមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ឯកឧត្តមរដ្ឋ លេខាធិការបានបញ្ជាក់ថា ក្នុងកម្មវិធីនេះដែរ ក៏នឹងមានការបំបួសដើមឈើ និងការធ្វើបទ​បង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវ:ចម្រុះ និងសេវាកម្មប្រព័ន្ធ​អេកូឡូស៊ី​នៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ។ ឯកឧត្តមបានថ្លែងបន្ដថា៖“គោលបំណងនៃការ​រៀប​ចំកម្មវិធីបោះតង់បរិស្ថាននេះ គឺដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធ​អេកូឡូស៊ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងដើម្បីជំរុញឱ្យមាន​ការ​ចូល​រួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន” ។
    ឯកឧត្ដមបានបន្ដថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍបាន​អនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់គិតគូរលើការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរពីកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីកសាងសង្គម​កម្ពុជា​មួយ ប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាព សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន​ត្រូវ​បានធានា ។

    គួរបញ្ជាក់ផងដែរថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃ​ព្រៃឡង់ នៅឆ្នាំ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន ដែលមានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបាន​ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់​ចូល​រួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី