ទីបំផុតនាវាយក្សដែលប្រទេសដ៏ទៃហាមមិនឱ្យចូលព្រោះខ្លាចកូរ៉ូណាវីរុសថ្មី ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលចតហើយ

86260
  • ទីបំផុតទៅបន្ទាប់ពីរកទីសំចតមិនបានអស់រយៈពេល១២ថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។

    នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបប្រមាណ២២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់ បានចេញធ្វើដំណើរចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ដើម្បីចូលទៅប្រទេសហ្វីលីពីន តែត្រូវអាជ្ញាធរនេះបដិសេធ ដោយបារម្ភខ្លាចអ្នកទេសចរនៅលើនាវានេះមានផ្ទុកជំងឺថ្មី ដែលបង្កដោយមេរោគ «កូរ៉ូណា» ឬ «COVID19»។
    បន្ទាប់ពីហ្វីលីពីនបដិសេធ នាវាដែលផ្ទុកអ្នកទេសចរភាគច្រើនជាជនជាតិអាមេរិក និងប្រទេសនៅអឺរ៉ុបនោះ បានព្យាយាមធ្វើដំណើរលើលំហរសមុទ្រ ដើម្បីទៅរកកន្លែងសំចតនៅតាមបណ្តាប្រទេស និងកោះផ្សេងទៀតមានដូចជា តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំរបស់អាមេរិក និងចុងក្រោយនៅប្រទេសថៃ ។ តែអាជ្ញាធរនៅក្នុងប្រទេសទាំងនេះ រួមទាំងអាជ្ញាធរនៃកោះតៃវ៉ាន់ និងកោះហ្គាំរបស់អាមេរិកផង បានបដិសេធមិនឱ្យចូលចតនោះឡើយ បើទោះបីនាយកគ្រប់គ្រងនាវា បានប្រកាស និងបញ្ជាក់ហើយថា អ្នកដំណើរ និងអ្នកបម្រើការងារនៅលើនាវាទាំងអស់ មិនមានអ្នកណាម្នាក់ផ្ទុកមេរោគកូរ៉ូណាក៏ដោយ ។
    ការបដិសេធមិនឱ្យចូលសំចតពីប្រទេសមួយទៅប្រទេសមួយ ព្រោះតែភ័យខ្លាចជំងឺបង្កដោយមេរោគ «Covid19» បានធ្វើឱ្យអ្នកទេសចរនៅលើនាវាត្រូវពន្យារពេល ក្នុងការវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ហើយក៏បារម្ភផងដែរ ខ្លាចត្រូវជាប់នៅលើនាវានេះដោយមិនដឹងថា នឹងត្រូវទៅចតទីណា និងត្រូវបានវិលត្រឡប់ទៅផ្ទះវិញនាពេលណា។
    បើទោះបីជាយ៉ាងណាភាគីក្រុមហ៊ុន ក៏ដូចជាអ្នកគ្រប់គ្រងនាវា ពេលកំពុងស្ថិតនៅលើលំហរសមុទ្រចន្លោះប្រទេសថៃ និងប្រទេសកម្ពុជានោះ ពួកគេបានព្យាយាមទាក់ទងមកអាជ្ញាធរកម្ពុជា ដើម្បីចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ។ ទីបំផុតទៅសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យនាវាមួយនេះ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយធ្វើដំណើរបន្តតាមយន្តហោះត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេ។

    នាវា Westerdam

    សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដំបូងគេដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនក្រោយផ្ទុះជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19» បានថ្លែងប្រាប់ Fresh News ថា ការអនុញ្ញតឱ្យនាវានេះចូល គឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។ សម្តេចតេជោបន្ថែមថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖ “ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន”។
    សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែម៖ “យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ” ។

    ក្រុមហ៊ុននាវាទេសចរណ៍ បានឱ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា នាវានឹងសំចតរយៈពេលមួយទៅពីរថ្ងៃនៅខេត្តព្រះសីហនុ ព្រមទាំងសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ស្រុកកំណើតរបស់ពួកគេ។
    អាជ្ញាធររបស់កម្ពុជា បានអះអាងផងដែរថា នៅពេលនាវានេះចូលចតនឹងមានការពិនិត្យសុខភាពរបស់អ្នកទេសចរនៅលើនាវាទាំងអស់នោះ ហើយបើមានករណីសង្ស័យមានជំងឺណាមួយ នឹងត្រូវយកទៅតាមដាន និងពិនិត្យកំហាកភ្លាមៗតែម្តងដោយដឹកតាមយន្តហោះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ តែទោះបីជាយ៉ាងណាអ្នកគ្រប់គ្រងលើនាវានេះបានអះអាងថា មនុស្សទាំងអស់នៅលើនាវាមិនមានផ្ទុកមេរោគកូរ៉ូណានោះឡើយ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី