
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ដោយបានដកស្រង់សម្តីនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដែលបានថ្លែងកាលពីថ្ងៃព្រហស្បតិ័ ទី១៣ កុម្ភៈនេះបានឲ្យដឹងថា គណៈរដ្ឋមន្រ្តីជប៉ុននឹងធ្វើការសម្រេចចិត្តនៅថ្ងៃសុក្រនេះក្នុងការចំណាយថវិកាបម្រុងចំនួន ១០,៣ ពាន់លានយ៉េនដែលស្មើនឹងប្រមាណ ៩៤០ លានដុល្លារអាមេរិកដើម្បីឆ្លើយតបនឹងបញ្ហាវីរុសវីរុសផ្លូវដង្ហើម Covid-19 ដែលបាននឹងកំពុងគំរាមកំហែងពិភពលោកក្នុងពេលសព្វថ្ងៃ ។
ព្រមជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីក៏បានបន្ថែមផងដែរថា បន្ទាប់ពីមានកិច្ចប្រជុំក្រុមការងារពិសេសមួយសម្រាប់ធ្វើការលើបញ្ហាវីរុសខាងលើការចំណាយសរុបក្នុងការប្រយុទ្ធប្រឆាំងនេះនឹងមានចំនួនសរុបរហូត ១៥,៣ ពាន់លានយ៉េនឯណោះ ។
គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា មានអ្នកបើកតាក់ស៊ីក្នុងទីក្រុងតូក្យូ ម្នាក់ត្រូវបានធ្វើតេស្ត៍រកឃើញថា មានផ្ទុកវីរុសប្រភេទថ្មីខាងលើ ហើយទន្ទឹមនឹងគ្នានេះដែរ ក្រសួងសុខាភិបាលជប៉ុនក៏បានធ្វើការបញ្ជាក់ថា អ្នកបើកបរតាក់ស៊ីខាងលើត្រូវបានគេដឹងថា បានដឹកអ្នកដំណើរជាជនជាតិចិន ដែលនេះអាចជាមូលហេតុនៃការឆ្លងវីរុសដ៏កាចសាហាវនេះ ៕
ដោយ៖ រ៉ាយូ