ខឹងខូចខឹងខាត! គ្រាន់តែមាន់ជុះអាចម៍ដាក់កន្លែងដេកសោះ ធ្វើឱ្យបុរសម្នាក់សម្លាប់មិត្តខ្លួនឯង

19469
  • ជនសង្ស័យម្នាក់ត្រូវបានកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ធ្វើការស្រាវជ្រាវបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើអំពើហិង្សាដោយចេតនា យកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាមិត្តភក្តិបណ្តាលឲ្យស្លាប់ ខណៈពេលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ អំពើហឹង្សានេះ បានកើតឡើងនៅវេលាម៉ោង ៦និង៥០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិអូរសំព័រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

    លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ សៀប វិន ហៅ ខួច ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិបន្ទាយជ័យ ឃុំបន្ទាយជ័យ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន។ ចំណែកជនរងគ្រោះឈ្មោះ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជនរងគ្រោះ និងជនដៃដល់គឺជាមិត្តភក្តិ និងជាកម្មករសំណង់ជាមួយគ្នា។
    លោកអធិការបានបន្តថា ក្រោយពីកើតមាននូវអំពើហិង្សា និងទទួលបាននូវព័ត៌មានមក កងកម្លាំង នគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរ​បាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវតាមប្រម៉ាញ់មុខសញ្ញាជាជនដៃរហូតឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខណៈពេលជននេះកំពុងព្យាយាមរត់ឆ្លងដែន ទៅប្រទេសថៃ ដោយប្រើប្រាស់រយៈពេល១៣ម៉ោងប៉ុណ្ណោះ ។

    លោកអធិការបានបញ្ជាក់ថា តាមការសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា មុនពេលកើតហេតុរូបគេ និងជនរងគ្រោះបានមានជម្លោះពាក្យសំដីនឹងគ្នា ។ ដោយដំបូងគេខឹងនឹងមាន់របស់ជនរងគ្រោះ វាជុះអាចម៍ដាក់កន្លែងខ្លួនដេក ហើយបាននិយាយលេងថា គេបានវាយមាន់នោះងាប់ ធ្វើឲ្យជនរងគ្រោះខឹង និងជេរម្តាយ ហើយក៏កើតជាជម្លោះឈានដល់ការវាយតប់គ្នា ដោយខ្លួនគេមិនអាចវាយឈ្នះឈ្មោះ រតនា ក៏យកកូនកាំបិតចុងស្រួចចាក់ទៅលើឈ្មោះ រតនា ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ និងក្រោយមកបានស្លាប់ ក្រោយធ្វើសកម្មភាពរួចគេបានរត់គេចខ្លួន បំណងចូលទៅប្រទេសថៃ ។ ដោយផ្អែកទៅលើចម្លើយសារភាព និងការប្រព្រឹត្តជាក់ស្តែងជនសង្ស័យឈ្មោះ សៀង វិន ហៅខួច និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី