
លោក Rivaldo បាននិយាយថា Lionel Messi នឹងមិនផ្លាស់ទៅ Manchester City ឬ Juventus នោះទេ ខណៈដែលកំពូលតារាឆ្នើមរបស់ក្រុម Barcelona រូបនេះនឹងត្រូវចូលនិវត្តន៍នៅទឹកដី Camp Nou ។
នៅពេលមានពាក្យចរចាអារាមអំពី Messi កាន់តែធ្វើឱ្យមានការងឿងឆ្ងល់ចំពោះអណាគតរបស់កំពូលកីឡាកររូបនេះនៅឯ Barca វាត្រូវបានគេលើកឡើងថា គាត់អាចត្រូវបានល្បួងឱ្យចូលរួមក្នុងការជួបជុំជាមួយលោក Pep Guardiola នៅប្រទេសអង់គ្លេស ឬអាចត្រូវទៅចាប់ដៃគូរជាមួយគូប្រជែង Cristiano Ronaldo នៅក្នុងប្រទេសអ៊ីតាលី ។ តែទោះជាយ៉ាងណាលោក Rivaldo បានអះអាងថា Messi នឹងមិនទៅចូលរួមជាមួយ Manchester City ឬ Juventus ជាដាច់ខាត ។
វីរបុរស Barcelona រូបនេះបានប្រាប់ Betfair ថា៖ “ ខ្ញុំមិនមានការរំពឹងទុកអំពីការផ្លាស់ប្តូរកីឡាករ Lionel Messi ពីក្រុម Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះទេ ។ និយាយដោយស្មោះត្រង់ខ្ញុំគិតថា គាត់នឹងបញ្ចប់អាជីពរបស់គាត់នៅឯ Camp Nou ។ គាត់ជាម្នាក់ក្នុងចំណោមពួកយើងតាំងពីគាត់មានអាយុ ១៤ ឆ្នាំ។ គាត់មានក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះក្លឹប ហើយក្លឹបសម្រាប់គាត់ ដូច្នេះខ្ញុំមិនគិតថាគាត់នឹងទទួលបានអត្ថប្រយោជន៍ពីការចាកចេញនោះទេ ” ។
លោក Rivaldo បន្តថា៖ “ ខ្ញុំឃើញគាត់ជាកីឡាកររបស់ក្លិបតែមួយដូចជា Francesco Totti នៅ AS Roma និង Rogerio Ceni នៅ Sao Paulo ។ វាពិតជាលំបាកណាស់ក្នុងការគិតពីការមើល Messi លេងទល់ជាមួយ Barca នៅ Champions League ដូច្នេះទោះបីជាគាត់ចាកចេញនាពេលអនាគត ខ្ញុំស្រមៃថា គាត់នៅក្រៅទ្វីបអ៊ឺរ៉ុប ដូចជានៅប្រទេសចិន ឬ MLS លើការផ្ទេរដែលជម្រុញដោយហិរញ្ញវត្ថុច្រើនជាងហេតុផលកីឡា ” ៕
ដោយ៖ តារា