
បើយោងតាមសម្ដីរបស់នាយកផ្នែកកីឡា គឺលោក Ricky Massara បានឱ្យដឹងថា កីឡាករចាស់វស្សា Zlatan Ibrahimovic នឹងសម្រេចចិត្តពីអនាគតរបស់គេថា តើគេចង់បន្តលេងនៅ AC Milan ដែរឬយ៉ាងណា ។
លោកព្រះ Ibrahimovic បានវិលមកទឹកដីក្លឹប AC Milan វិញក្នុងខែមករា ក្នុងកុងត្រាដែលមានសុពលភាពរហូតដល់ខែមិថុនា ដោយមានជម្រើសអាចបន្តសុពលភាពបាន ១២ខែទៀត ។
កីឡាកររូបនេះធ្លាប់ឈ្នះពានលីគកំពូលអ៊ីតាលីជាមួយក្លឹប AC Milan ក្នុងអំឡុងពេលដែលគេលេងជាមួយក្លឹបនេះដំបូង ។ ក្នុងកុងត្រាទី២នេះ គេរកបានគ្រាប់បាល់ ៣គ្រាប់ ក្នុង ៦ប្រកួតគ្រប់ប្រភេទពានរង្វាន់ទាំងអស់ ហើយគេក៏មានវត្តមានចូលលេងដែរ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ពានរង្វាន់ Coppa Italia ជាមួយ Juventus ដែលទទួលបានលទ្ធផលត្រឹមតែ ១ស្មើ ។
លោក Massara ក៏បានកោតសរសើរទម្រង់លេងរបស់ Ibrahimovic និងនិយាយថា កីឡាកររូបនេះនឹងជាអ្នកសម្រេចចិត្តចំពោះជោគវាសនាអនាគតរបស់គេ ។
គួរជម្រាបឱ្យដឹងផងដែរថា ក្លឹប AC Milan កំពុងឈរនៅលេខរៀងទី១០ ក្នុងតារាងលីគកំពូលអ៊ីតាលីក្របខណ្ឌ Serie A ក្រោយលេងបាន ២៣ប្រកួត គឺចាញ់ក្រុមនៅកៅអី Top 4 ចំនួន ១០ពិន្ទុ ប៉ុន្តែតាមពីក្រោយក្លឹប Hellas Verona ដែលឈរនៅលេខរៀងទី៦ តែ ២ពិន្ទុប៉ុណ្ណោះ ៕
ដោយ៖ តារា