
អ្នកចាត់ការក្លិប Chelsea លោក Antonio Conte ជឿថាគោលការណ៍ក្នុងការបណ្តេញអ្នកចាត់ការក្លិបជាប្រចាំដោយសារតែពួកគេមិនអាចជួយឲ្យក្រុមទទួលបានពាននៅគ្រប់រដូវកាលគឺជាការគិតខ្លី និងខ្វះប្រាជ្ញា។
Conte ដឹកនាំក្រុមតោខៀវដណ្តើមបានជើងឯក Premier League កាលពីរដូវកាលមុនដែលមិនគួរឲ្យជឿ ក្នុងយុទ្ធនាការដំបូងរបស់គាត់នៅកីឡដ្ឋាន Stamford Bridge បន្ទាប់ពីបានដឹកនាំ Chelsea ទទួលបានលេខរៀងទី ១០ ក្នុងរដូវកាល ២០១៥/១៦។
ទោះជាបែបនេះក្តី នៅរដូវកាលនេះ ក្រុមតោខៀវកំពុងមានការលំបាក់ក្នុងការឈរជើងនៅក្រុមកំពូលតារាង ដែលមាន Manchester City កំពុងគ្រប់គ្រង។ Chelsea បានធ្លាក់ទៅឈរនៅលេខរៀងទី ៥ បន្ទាប់ពីចាញ់ Bournemouth និង Watford ដែលកាន់តែធ្វើឲ្យ Conte មានសម្ពាធ។
អ្នកចាត់ការសញ្ជាតិអីតាលីរូបនេះ បាននិយាយថាប្រសិនបើក្លិបបញ្ឈប់រូបគាត់ក្នុងដំណាក់កាលនេះមែន នោះវានឹងជាការសម្រេចចិត្តដ៏អន់មួយ វាលើកលែងតែក្រុមប្រឹក្សាភិបាលក្លិបបាត់អស់ជំនឿមកលើរូបគាត់តែម្តង។
ថ្លែងនៅក្នុងសន្និសីទសាព័ត៌មាន លោកបានបញ្ជាក់ថា “អ្នកបន្តធ្វើការជាមួយអ្នកចាត់ការ ឬ គ្រូបង្វិកមិនមែនដោយសារអ្វីដែលគាត់នឹងសម្រេចបានក្នុងមួយរដូវកាលនោះទេ តែដោយសារអ្នកជឿជាក់លើគាត់។ បន្ទាប់មកអ្នកអាចកសាងអ្វីៗជាមួយគាត់បាន។”
“តែវាមិនមានន័យថាអ្នកត្រូវឈ្នះអ្វីមួួយនោះទេ ពីព្រោះវាមិនមែនជារឿងសមញ្ញនោះទេ ជាពិសេសនៅអង់គ្លេសនេះតែម្តង។ អ្វីដែលខ្ញុំមើលឃើញគឺថា អ្នកអាចឈ្នះ តែ ជាមួយគ្នានេះ ក្លិបនៅតែអាចមិនសប្បាយចិត្តចំពោះអ្នក មិនចង់នៅជាមួយអ្នក។ ក្នុងករណីនេះ វាអត់បញ្ហាទេដែលក្លិបបញ្ឈប់អ្នកចាត់ការ។
“ជាមួយគ្នានេះដែរ អ្នកអាចទុកចិត្តគ្រួបង្វិករបស់អ្នក និងការងាររបស់គាត់ និងបន្តរួមរស់ជាមួយគាត់ បើទោះបីជាអ្នកមិនបានឈ្នះអ្វីក៏ដោយ ហើយអ្នកនិងធ្វើការជាមួយគ្នាដើម្បីធ្វើរឿងសំខាន់ៗ។
“វាមានវិធីពីរ គឺវិធីដ៏ឆ្កួត និងវិធីប្រកបដោយប្រាជ្ញា។ នេះគ្រាន់ជាទស្សនៈរបស់ខ្ញុំប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ ខ្ញុំតែងតែមានការគោរពចំពោះមតិយោបល់អ្នករាល់គ្នា។ ប្រសិនបើក្លិបសម្រេចថាបញ្ឈប់ខ្ញុំ ខ្ញុំក៏មិនដឹងថាពេលណាដែរ បើពួកគេមិនពេញចិត្តនឹងការងាររបស់ខ្ញុំ។ ”
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក Chelsea មានអ្នកចាត់ការ ៨ នាក់ហើយ។
ដោយ៖ តារា