
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើដល់ទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា AFD ពិនិត្យលទ្ធភាពជួយដល់វិស័យកសិកម្មនៅកម្ពុជា ដើម្បីផ្តល់ចំណូលដល់ប្រជាកសិករឲ្យកាន់តែប្រសើរឡើងថែមទៀត ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចង់ឲ្យទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍមួយនេះ ជួយគាំទ្រលើការពិសោធន៍ និងផលិតពូជ បច្ចេកទេសដាំដុះ និងប្រមូលផល ឃ្លាំងស្តុក ឡសម្ងួតលើដំណាំ មួយចំនួនទៀត ដូចជាដំណាំពោតចំណី ដំឡូងមី ស្វាយ និងស្វាយចន្ទីដែលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុង និងក្រៅស្រុក សំដៅផ្តល់ចំណូលកាន់តែប្រសើរដល់ប្រជាកសិករ ។
ថ្លែងក្នុងជំនួបជាមួយលោកស្រី អូហ្វឺលីយ៉េ ប៊ូរីស (Ophelie BOURHIS) នាយិកា AFD ប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យនេះ ដោយផ្តោតជាសំខាន់ក្នុងការជំរុញទំនើបកម្មកសិកម្ម និងយន្តុបនីកម្មកសិកម្ម តាមរយៈការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើមក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូងមី ស្រូវ ស្វាយ និងស្វាយចន្ទី ជាដើម។ ទន្ទឹមគ្នានេះ ក៏បានជំរុញការរៀបចំចងក្រងសហគមន៍ផលិត ដើម្បីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា សម្រាប់ប្រយោជន៍ដល់ធានាការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព និងស្ថិរភាពតម្លៃ ។
លោកស្រី អូហ្វឺលីយ៉េ ប៊ូរីស បានឆ្លើយតបថា អង្គការ AFD មានឆន្ទ:យ៉ាងមុតមាំក្នុងការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាដោយសង្កត់ធ្ងន់ទៅលើការកសាងផែនការ និងគោនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃផលិតកម្ម និងតម្លៃបន្ថែមលើផលិតកម្មស្រូវ បន្លែ ការកែប្រែគុណភាពដី និងកៅស៊ូគ្រួសារ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យសេដ្ឋកិច្ចនាឆ្នាំ២០៣០ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងរន្តរភាព និងការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យសមស្រប ដែលបំពេញខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម លើផលិតកម្មកសិកម្មតាមកិច្ចសន្យា ធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាមអនាម័យ និងការប្រកួតប្រជែង ៕
ដោយ៖ ស្រស់