
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាយកការទទួលខុសត្រូវមួយលើបញ្ហាការគោរពសិទ្ធិមនុស្សជាចម្បង និងសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង ។
ក្នុងសន្និសីទសារព័ត៌មានក្រោយពីពិធីស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតជោ ហ៊ុន សែន បានថ្លែងថា បញ្ហាពិតប្រាកដរបស់កម្ពុជា មិនមែនជាកូរ៉ូណាថ្មីទេ នោះគឺការភ័យខ្លាច ។ សម្ដេចតេជោបានលើកឡើងថា កម្ពុជាយកការទទួលខុសត្រូវមួយលើបញ្ហាការគោរពសិទ្ធិមនុស្សជាចម្បង ហើយដំបូងបំផុតត្រួវគោរពដល់ការរស់រានមានជីវិតរបស់មនុស្ស ដែលមានជាង ២,០០០នាក់នៅលើនាវានេះ ដែលមានរហូតទៅដល់ ៤១សញ្ជាតិ ។
សម្ដេចតេជោបានបញ្ជាក់ថា៖ “ថ្ងៃនេះប្រសិនជាខ្ញុំមកទទួលបងប្អូនប្រជាពលរដ្ឋនៃបណ្ដាប្រទេសមានរហូតមានទៅដល់ ៤១សញ្ជាតិនៅទីនេះ ហើយបែរជាគ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វាក៏ស័ក្ដិសមនឹងពលីកម្មដែលខ្ញុំធ្វើ ដើម្បីមនុស្សជាតិនោះផងដែរ”។
សម្ដេចតេជោបានបន្ដថា តើឱ្យយើងនិយាយពីការគោរពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើសិទ្ធិរស់រានមានជីវិតមិនត្រូវបានគោរពផងនោះ ហើយយ៉ាងហោចណាស់ពេលនេះ កម្ពុជាបានធ្វើកិច្ចការដែលទាក់ទងនិងដំណើរការនៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុត្ថិភាពសម្រាប់ពួកគេ។ សម្ដេចបន្ថែមថា៖ “ខ្ញុំគិតថាប្រជាពលរដ្ឋរបស់យើង យោគយល់ ហើយមានមោទនភាព ហើយខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបានលើទឹកចិត្ត ហើយគាំទ្រដល់ការសម្រេចចិត្តរបស់ខ្ញុំ ក្នុងការឱ្យនាវានេះបានចូលមកកាន់ទឹកដីកម្ពុជា តាមរយៈទឹកដីកម្ពុជាបងប្អូនទាំង ៤១សញ្ជាតិនេះ បានធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនជួបជុំគ្រួសារពុំមានការភ័យខ្លាចទេ”។ សម្ដេចតេជោសង្កត់ធ្ងន់ថា តើយើងព្រមឱ្យអ្នកទាំងនេះរស់នៅក្នុងកណ្ដាលសមុទ្រ ហើយដែលមិនដឹងកោះមិនដឹងត្រើយ ឬយ៉ាងណា ។ នេះជាបញ្ហាដែលយើងត្រូវទទួខុសត្រូវ ក្នុងឋានៈជាមនុស្សជាតិដូចៗគ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអរគុណស្ថានទូតអាម៉េរិកដែលបានទាក់ទងមកកាន់ស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលសម្ដេចបានយល់ព្រមឱ្យនាវានេះចូលចតតាំងពីមុនម៉ោង១០ ថ្ងៃទី១១ ខែកុម្ភៈ ឯណ្ណោះ។ នៅពេលដែលមានសំណើពីស្ថានទូតអាម៉េរិក ហើយរៀបរាប់ពីការបដិសេធរបស់ប្រទេសមួយចំនួនថាមិនឱ្យចូល ហើយនៅលើនាវាក៏ចង់អស់ស្បៀងហើយដែរ ដែលសម្ដេចបានស្វាគមន៍។ នេះជាការទទួលខុសត្រូវរបស់យើង ហោចណាស់ខាងផ្លូវសីលធម៌ មនុស្សធម៌ផងដែរ។ សម្ដេចតេជោបានអរគុណអង្គការសុខភាពពិភពលោក ដែលបានធ្វើសេចក្ដីថ្លែងការណ៍គាំទ្រដល់កម្ពុជា ហើយគាត់ក៏មានបំណងសុំជួបជាមួយសម្ដេចតាមទូរស័ព្ទ សម្ដេចនឹងជួបគាត់នៅពេលណាដែលប្រតិបត្តិការសង្គ្រោះនេះត្រូវបានបញ្ចប់ ។
គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបប្រមាណ២,២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១,៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់ បានចេញធ្វើដំណើរចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ដើម្បីចូលទៅប្រទេសហ្វីលីពីន តែត្រូវអាជ្ញាធរប្រទេសនេះបដិសេធ ដោយបារម្ភខ្លាចអ្នកទេសចរនៅលើនាវានេះមានផ្ទុកវីរុសថ្មី ដែលបង្កដោយមេរោគ «កូរ៉ូណា» ឬ «COVID19»។ បន្ទាប់ពីហ្វីលីពីនបដិសេធ នាវាដែលផ្ទុកអ្នកទេសចរភាគច្រើនជាជនជាតិអាម៉េរិក និងប្រទេសនៅអឺរ៉ុបនោះ បានព្យាយាមធ្វើដំណើរលើលំហរសមុទ្រ ដើម្បីទៅរកកន្លែងសំចតនៅតាមបណ្តាប្រទេស និងកោះផ្សេងទៀតមានដូចជា តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំរបស់អាម៉េរិក និងចុងក្រោយទៅប្រទេសថៃ។ តែអាជ្ញាធរនៅក្នុងប្រទេសទាំងនេះបានបដិសេធមិនឱ្យចូលចតនោះឡើយ បើទោះបីនាយកគ្រប់គ្រងនាវា បានប្រកាស និងបញ្ជាក់ហើយថា អ្នកដំណើរ និងអ្នកបម្រើការងារនៅលើនាវាទាំងអស់ មិនមានអ្នកណាម្នាក់ផ្ទុកមេរោគកូរ៉ូណាក៏ដោយ។ ទីបំផុតសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យនាវាមួយនេះ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយធ្វើដំណើរបន្តតាមយន្តហោះត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេ ៕
ដោយ៖ សំណាង