
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២០ នឹងត្រូវចាប់ផ្តើមសប្តាហ៍ទី១ នាល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី១៥ និងទី១៦ ខែកុម្ភៈនេះហើយ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន ១៣ក្រុមចូលរួមប្រកួតប្រជែង ។
យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញការប្រកួតផ្លូវការថា ការប្រកួតនៅថ្ងៃសៅរ៍ រួមមាន ក្រុមយុវជនបាទី ប៉ះក្រុមកងយោធពលខេមរភូមិន្ទ (អតីតក្រសួងការពារជាតិ), វិសាខា ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភ្នំពេញក្រោន ប៉ះ អគ្គិសនីកម្ពុជា ។ ចំពោះការប្រកួតនៅថ្ងៃអាទិត្យ មាន ៣ប្រកួតដែរ ដែលជាការជួបគ្នារវាងក្រុមអង្គរថាយហ្គឺរ ប្រកួតជាមួយបឹងកេត, អាស៊ីអឺរ៉ុបយូណាយធីត ជួប គីរីវង់សុខសែនជ័យ ខណៈក្រុមការពារម្ចាស់ដំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបប្រកួតជាមួយ សូលទីឡូអង្គរ ។ ការប្រកួតសន្សំពិន្ទុ មានចំនួន ១៣សប្តាហ៍ សម្រាប់ជើងទី១ និង ១៣សប្តាហ៍ទៀត សម្រាប់ជើងទី២ សរុប ២៦សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ កុម្ភៈ និងគ្រោងបញ្ចប់នាថ្ងៃទី២៥ ខែតុលាខាងមុខ ។
សូមរម្លឹកឱ្យដឹងផងដែរថា កាលពីរដូវកាល ២០១៩ កន្លងទៅ មានក្រុមចូលរួមប្រជែងជើងឯកចំនួន ១៤ក្រុម ដោយក្រុមព្រះខ័នរាជស្វាយរៀងបានគ្រប់គ្រងម្ចាស់ដំណែងជើងឯក ខណៈក្រុមវិខាសា ជារងជើងឯក រីឯក្រុមណាហ្គាវើលដ៏ជាក្រុមចំណាត់ថ្នាក់លេខ៣ ៕
ដោយ៖ តារា រូបភាព៖ SEA GAME 2023