
សហគមន៍ព្រៃឈើចង្កានរយ បានបង្ហាញអំពីភាពទាក់ទាញនៃតំបន់ទេសចរណ៍អេកូធម្មជាតិជាង ៤០កន្លែងស្ថិតនៅលើភ្នំចង្ក្រានរយដើម្បីធ្វើយ៉ាងណាឱ្យមានការចាប់អារម្ភពីភ្ញៀវទេសចរចង់ទៅកំសាន្តនៅទីនោះកាន់ច្រើន ។
អ្នកស្រី ឈឿន សុឌី ប្រធានសហគមន៍ព្រៃឈើចង្ក្រានរយបានឱ្យដឹងថា ព្រៃសហគមន៍ចង្ក្រានរយមានតំបន់ទេសចរណ៍អេកូធម្មជាតិដែលមានភាពទាក់ទាញជាង ៤០កន្លែងស្ថិតនៅលើភ្នំចង្ក្រានរយ និងមានចំងាយហែល ៨០គ.ម ពីខេត្តសៀមរាប ។ អេកូធម្មជាតិដែលមានភាពទាក់ទាញជាង ៤០កន្លែងនេះមានដូចជាកន្លែងហែលទឹកលេងនៅរដូវវស្សា ទស្សនាសត្វព្រៃ និងសត្វមេអំបៅ រួមជាមួយការធ្វើដំណើរដោយថ្មើរជើង ទៅគយគន់សមុទ្រឈើ ល្អាងប្រជៀវ និងភ្នំចាន់ក្រហម នាំគ្នាជិះគោយន្ដឬជិះកង់កំសាន្ត ស្វែងយល់ពីវប្បធម៌ ទស្សនាថ្មជារូបចង្ក្រានរាប់រយរាប់ពាន់នៅលើភ្នំនោះ ។ លោកបានឱ្យដឹងទៀតថា តំបន់ទេសចរណ៍ព្រៃឈើនេះ គ្របដណ្តប់ដោយទេសភាពព្រៃឈើនៅលើផ្ទៃដីចំនួន ៩,០០០ហិកតា ជាជម្រកសត្វព្រៃ និងជីវចម្រុះគ្រប់ប្រភេទដែលអាចជួយដល់ការរៀបចំអេកូទេសចរណ៍តាមបែបសហគមន៍ ។ បច្ចុប្បន្នសហគមន៍ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង ដែលមានទីតាំងនៅឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មានអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចូលទៅកំសាន្តជាបន្ដបន្ទាប់ ។
សក្ដានុពលព្រៃឈើនៅតំបន់ទេសចរណ៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅតំបន់ខ្ពង់រាប នៃខេត្ដសៀមរាប ពិតជាបានជួយកាត់បន្ថយនូវភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពេះលរដ្ឋនៅតំបន់នោះ និងការអភិរក្សប្រកបដោយនិរន្ដរភាព ថែមទៀតផង ៕
ដោយ៖ បូណា