
កីឡាករ Robert Lewandowski នឹងមិនត្រូវបានគេលក់ទេហើយរបាយការណ៍តម្លៃ ២០០ លានអឺរ៉ូ ( ២៣៦ លានដុល្លារ ) គឺជាការមិនសមហេតុសមផល ។ នេះបើតាមប្រធានក្លឹបលោក Uli Hoeness បាននិយាយ ។
លោក Uli Hoeness
Lewandowski វ័យ ២៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរចេញពីក្រុមយក្សនៃក្របខ័ណ្ឌ Bundesliga បន្ទាប់ពីភ្នាក់ងាររបស់កីឡាករសញ្ជាតិប៉ូឡូញបានឱ្យដឹងកាលពីខែមុនថាគាត់ចង់ចាកចេញ ។ ក្លិប Manchester United និង Chelsea បានក្លាយជាគោលដៅធំសម្រាប់ខ្សែប្រយុទ្ធរូបនេះ ខណៈដែលក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍កាលដំបូង ។ ចំពេលមានសេចក្តីរាយការណ៍មួយថាក្លិប Bayern Munich ចង់បានយ៉ាងហោចណាស់ ២០០ លានអឺរ៉ូ សម្រាប់តម្លៃខ្លួន Lewandowski ប៉ុន្តែលោក Hoeness បានច្រានចោលពាក្យចរចារអារ៉ាមទាំងនោះ ហើយបាននិយាយថាខ្សែប្រយុទ្ធរូបនេះនឹងមិនមានកន្លែងណានោះទេ ។
Lewandowski នៅ Bayern
លោកបានប្រាប់ Sky ថា៖ “ក្នុងតម្លៃ ២០០ លានអឺរ៉ូ គឺមិនសមហេតុសមផល ។ Robert នឹងមិនត្រូវបានលក់ទេ ហើយនឹងលេងនៅរដូវកាលក្រោយជាមួយយើង ។ អ្វីៗគ្រប់យ៉ាងត្រូវបាននិយាយអំពីរឿងនេះ” ។
Lewandowski នៅ ប៉ូឡូញ
Lewandowski ដែលនៅសល់កិច្ចសន្យារហូតដល់ឆ្នាំ ២០២១ និងបានចំណាយពេលបួនរដូវកាលនៅឯក្លិប Bayern ដោយស៊ុតបញ្ចូលទីបាន ៤១ គ្រាប់ក្នុងរដូវកាល ២០១៧-១៨ នេះ ។ ខ្សែប្រយុទ្ធរូបនេះនឹងត្រូវលេងឱ្យក្រុមជម្រើសជាតិប៉ូឡូញនៅ ការប្រកួត FIFA World Cup ដោយក្រុមជំរើសជាតិរបស់គាត់នឹងក្លាយជាក្រុមមួយដែលពោរពេញទៅដោយកីឡាករល្អនៅក្នុងពូល H ដែលពួកគេស្ថិតនៅជាមួយ កូឡុំ , សេណេហ្គាល់ និងជប៉ុន ៕
ដោយ៖តារា