
ចំនួនមនុស្សដែលស្លាប់បាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់ ១,៧៧០នាក់ ហើយ ខណះចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧០,០០០នាក់នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ នេះបើតាមការការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ។
ក្រសួងសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,៧៧០នាក់ បន្ទាប់ពីថ្ងៃអាទិត្យ ទី១៦ម្សិលមិញនេះ មានអ្នកជម្ងឺ COVID-19 ចំនួន ១០៥នាក់ទៀត បានបាត់បង់ជីវិតដោយក្នុងនោះ ១០០នាក់នៅខេត្តហ៊ូប៉ី (Hubei), ០៣នាក់នៅហេហាន (Henan) និង ០២នាក់នៅក្វាងទុកង (Guangdong) ។ ដោយឡែកមនុស្សឆ្លងជំងឺ COVID-19 ថ្មីទៀតមានចំនួន ២,០៤៨នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន ។
សូមជម្រាបឱ្យដឹងផងដែរថា គិតមកទល់ពេលនេះ ករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមានរហូតដល់ ៤ ករណីហើយ រួមមាន ១ ករណីនៅទីក្រុងហុងកុង, ១ ករណីនៅប្រទេសហ្វីលីពីន, ១ ករណីនៅប្រទេសជប៉ុន និង ១ ករណីទៀតនៅប្រទេសបារាំង ៕
ដោយ៖ រ៉ាយូ