
ខណៈទីផ្សារត្រសក់ផ្អែមនៅក្នុងស្រុកបន្ទាយស្រីឆ្នាំនេះមានការធ្លាក់ចុះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះនៅក្នុងផេកហ្វេកប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះថា លោកមិនអាចឱបដៃឈរមើលសហគមន៍កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះទេ ។
លោក ឃឹម ហ្វីណង់ បន្តថា ជាធម្មតាទីផ្សារត្រសក់ផ្អែមនេះ ត្រូវបានលក់ចេញទៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងតំបន់ទេសចរណ៍នានានៅក្នុងខេត្តសៀមរាប ។ ប៉ុន្តែនៅឆ្នាំនេះតម្រូវការត្រសក់ផ្អែមធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ ៩០ភាគរយ ដែលមិនអាចឱ្យអ្នកដាំលក់ចេញបាន ទោះបីជាលក់ក្នុងតម្លៃថោកយ៉ាងណាក៏ដោយ ។ សប្តាហ៍នេះគឺជាសប្តាហ៍ប្រមូលផលហើយ ប្រសិនបើនៅតែបន្តលក់មិនចេញក្នុងរយៈពេល ២សប្តាហ៍ទៀតទេ ត្រសក់ផ្អែមរាប់សិបតោននេះនឹងត្រូវបោះចោលទាំងស្រុង ។ ពួកគាត់នឹងមិនមានទុនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃជួលដី បង់ការប្រាក់ធនាគារ ថ្លៃពូជ និងថ្លៃឈ្នួលកម្មករ ហើយក៏នឹងមិនមានទឹកចិត្តដើម្បីបន្តដាំទៀតដែរ ។ ដូច្នេះលោកបានសមម្រេចជួយសម្របសម្រួល រៀបចំឱ្យមានការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំមួយ សម្រាប់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រី នៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប ខេត្តសៀមរាបរយៈពេលមួយសប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្នុងតម្លៃពិសេស ១គីឡូក្រាម ១ដុល្លារអាម៉េរិក បើទិញ ១០គីឡូក្រាមថែមជូន ១គីឡូក្រាម ដោយឥតគិតថ្លៃ ។
លោកអភិបាលស្រុកវ័យក្មេងរូបនវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេស អ្នកខេត្តសៀមរាប ចូលរួមកម្មវិធីនេះនៅផ្សារហេរីថេក ឱ្យបានច្រើនកុះករ ដើម្បីជួយទិញត្រសក់ផ្អែមរបស់ពួកគាត់ក្នុងតម្លៃពិសេស ដើម្បីជួយស្រោចស្រង់ និងលើកទឹកចិត្តដល់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រី មួយនេះ ។ លោកបានបញ្ជាក់ថា តម្លៃនេះថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល បានត្រឹមតែអាចឱ្យពួកគាត់ទទួលបានថនិកាខ្លះ យកទៅដាំបន្តទៀតតែប៉ុណ្ណោះ ៕
ដោយ៖ សំណាង