ក្រៅពីប្រាសាទបុរាណ កម្ពុជានៅមានបេតិកភណ្ឌរស់នៃរមណីយដ្ឋានអង្គរមួយទៀតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍

22614
  • ក្រៅពីប្រាសាទដ៏ល្បីលាញ ឧទ្យានអង្គរនៅមានមរតករស់ដែលគេហៅថាជា បេតិកភណ្ឌអរូបីដូចជា ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរបបរស់នៅប្រចាំថ្ងៃដែលអ្នកស្រុកនៅតំបន់អង្គរបានប្រកាន់ខ្ជាប់ខ្ជួន និងប្រតិបត្តិតៗគ្នារាប់ជំនាន់មកហើយ ។

    ក្នុងឱកាសគម្រប់ខួប ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ទាំងនេះសុទ្ធសឹងជាអ្វីដែលភ្ញៀវទេសចរចង់ឃើញ ចង់ដឹង និងចង់ស្រាវជ្រាវស្វែងយល់អំពីមរតករស់ក្រៅពីប្រាសាទ ។ ការរៀបចំភូមិឋាន ផ្ទះ កន្លែងសិប្បកម្មតាមបែបបុរាណ មធ្យោបាយធ្វើដំណើរតាមរទេះគោ សុទ្ធតែជាផលិតផលបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរទស្សនា ដែលទទួលបានបទពិសោធន៍ ហើយនាំអារម្មណ៍ភ្ញៀវទាំងនោះឱ្យមើលឃើញអំពីរបៀបរបបនៃការរស់នៅរបស់ប្រជាជនខ្មែរយើងកាលពីសម័យអង្គរ ។
    ឯកឧត្តមបន្តទៀតថា បច្ចុប្បន្នប្រពៃណីមួយចំនួន ដែលអ្នកនៅតំបន់ផ្សេងៗបានបំភ្លេចចោល ឬមិនសូវយកចិត្តទុកដាក់ ហើយអ្នកស្រុកតំបន់អង្គរនៅតែកំពុងបន្តប្រតិបត្តិនៅឡើយ ដូចជា ពិធីកោរជុក ពិធីឡើងអ្នកតា ពិធីហៅទឹកភ្លៀង ពិធីហៅព្រលឹង។ល។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រងនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនៀមទាំងអស់នេះ ដោយធ្វើយ៉ាងណាឱ្យទំនៀមទាំងអស់នេះអាចគង់វង្សតកូនតចៅរហូតទៅ និងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ។

    គួរបញ្ជាក់ផងដែរថា តំបន់អង្គរ ឬរមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះនាឆ្នាំ១៩៩២ មានផ្ទៃដីសរុប ៤០១ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះរួមមានទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យាចំនួន ៩១ បរិស្ថាន និងសហគមន៍មនុស្សផងដែរ ៕

     

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី