
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានចេញការពិន័យហាមមិនឱ្យក្លឹបយក្សអង់គ្លេស Manchester City ចូលរួមការប្រកួតពានរង្វាន់ក្របខណ្ឌ Champions League រយះពេលចំនួន ២រដូវកាល និងពិន័យជាទឹកប្រាក់ចំនួន ៣០លានអឺរ៉ូថែមទៀតផង ។
ក្រោយពីស្ថាប័ន UEFA ចេញសេចក្ដីសម្រេចនេះ ក្លឹប Manchester City បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗថា នឹងដាក់បណ្ដឹងតវ៉ាជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការអាជ្ញាកណ្ដាលកីឡា (Court of Arbitration for Sport) ។ ចាប់តាំងពីមានសេចក្ដីសម្រេចនេះ មានព័ត៌មានចចាមអារ៉ាមតាមរយៈប្រព័ន្ធផ្សព្វផ្សាយថា កីឡាករល្បីៗមួយចំនួន ព្រមទាំងអ្នកចាត់ការ Pep Guardiola អាចនឹងចាកចេញពីក្លឹបនេះ ប្រសិនបើតុលាការអាជ្ញាកណ្ដាលកីឡានៅតែប្រកាន់ខ្ជាប់សេចក្ដីសម្រេចនេះ ។
ពេលនេះតារាឆ្នើមព័ទុយហ្គាល់ Bernardo Silva ដែលបានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មាន Eleven Sports (ដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ Record) បានរំឮកឡើងវិញអំពីបំណងចង់វិលទៅក្លឹបចាស់របស់គេ ដោយនិយាយថា៖ “ខ្ញុំបាននិយាយជាច្រើនដងហើយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានចាកចេញពីក្លឹបនោះឆាប់បន្តិច ដូច្នេះខ្ញុំគិតថាខ្ញុំនឹងវិលត្រឡប់ទៅវិញ។ បើពួកគេនៅតែត្រូវការខ្ញុំ ខ្ញុំគិតថា ខ្ញុំនឹងត្រឡប់ទៅវិញ ” ។
ការលើកឡើងនេះបានញ៉ាំងឱ្យមានការមិនសប្បាយចិត្តក្នុងស្រទាប់អ្នកគាំទ្រក្លឹបមេឃខៀវ Man City ដែលកំពុងព្រួយបារម្ភអំពីអនាគតរបស់ក្លឹបនេះ។ ខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Man City តាំងពីរដូវក្ដៅឆ្នាំ២០១៧ ពេលគេប្ដូរមកពីក្លឹប AS Monaco ក្នុងលីគកំពូលបារាំងក្នុងតម្លៃផ្ទេរ ៥០លានអឺរ៉ូ ៕
ដោយ៖ តារា