
មហោស្រពសិល្បៈយុវជនឆ្នាំនេះ មានស្នាដៃយុវជនចំនួន ៣៤ទម្រង់ចូលរួមប្រកួត ដើម្បីឆ្លើយតមតាមការជំរុញរបស់រាជរដ្ឋាភិបាលអំពីការលើកស្ទួយសិល្បៈវប្បធម៌ជាតិ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ទម្រង់សិល្បៈដែលជាស្នាដៃនិពន្ធរបស់ក្រុមយុវជនខ្មែរទាំងនោះ មានល្ខោនមហោរីចំនួន ៨ស្នាដៃ ល្ខោនយីកេចំនួន ៧ស្នាដៃ ល្ខោនបាសាក់ចំនួន ១០ស្នាដៃ និងរបាំប្រពៃណីមានចំនួន ៩ស្នាដៃ។ ឯកឧត្តម បានបញ្ជាក់ថា ស្នាដៃនិពន្ធទាំងនេះ ត្រូវបានសម្រិតសម្រាំងនូវខ្លឹមសារដែលប្រមូលផ្តុំដោយទស្សនាទានដូចជា យុវជនដើម្បីការ និងការអភិវឌ្ឍវប្បធម៌, យុវជន និងសីលធម៌សង្គម, និងយុវជនដើម្បីសុវត្ថិភាពសន្តិភាព និងការអភិវឌ្ឍ សំដៅទប់ស្កាត់វប្បធម៌អវិជ្ជមាន ក្នុងស្រទាប់យុវវ័យ ក៏ដូចជាការបណ្តុះស្មារតីយុវជនឲ្យស្រឡាញ់វប្បធម៌ជាតិ ដើម្បីបុព្វហេតុអភិរក្ស អភិវឌ្ឍវប្បធម៌ និងរួមចំណែកលើកស្ទួយសុវត្ថិភាពសង្គម សន្តិភាព និងការអភិវឌ្ឍ ។
ឯកឧត្តម គឹម ពីនន់ មានប្រសាសន៍ថា វប្បធម៌ជាតិអាចមានភាពរុងរឿង និងថែរក្សាយូរអង្វែងបាន គឺដោយសារកម្លាំងយុវជនដែលទទួលបានការយល់ដឹងអំពីតម្លៃ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា អក្សរសាស្រ្ត អក្សរសិល្ប៍ ដែលជាអត្តសញ្ញាណ និងជាព្រលឹងរបស់ជាតិ ។
សូមបញ្ជាក់ថា មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំ២០២០នេះ ធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ចាប់ពីល្ងាចថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ដើម្បីបង្ហាញទស្សនីយភាពដែលបម្រើអារម្មណ៍ដល់ការអប់រំផ្លូវចិត្ត ការបណ្តុះផ្នត់គំនិត និងការកែប្រែឥរិយាបថរបស់មនុស្សនៅក្នុងសង្គម។
ដោយឡែក នៅថ្ងៃទី៣ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងធ្វើជាអធិបតីភាព អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ៕
ដោយ៖ ស្រស់