ឯកឧត្តម កែវ រ៉េមី បន្តជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សម្រាប់អាណត្តិថ្មី

74636
  • ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាទទួលបានការគាំទ្របន្តដឹកនាំសហព័ន្ធអាណត្តិថ្មីទី៦ សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ តាមរយៈអង្គមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ដែលបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

    មហាសន្និបាតជ្រើសរើសបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធចំនួន ២១ នាក់ក្នុងនោះឯកឧត្តម កែវ រ៉េមី បន្តធ្វើជាប្រធាន អមដោយអនុប្រធាន ៦នាក់, អគ្គលេខាធិ​ការម្នាក់ អមដោយអគ្គលេខាធិការ ៥នាក់ និងអគ្គហិរញ្ញឹក និងអគ្គហិរញ្ញឹករង ព្រមទាំង​សមាជិក ៦នាក់ផ្សេងទៀត ។ ជាមួយគ្នានោះឯកឧត្តម កែវ រ៉េមី បានស្នើឱ្យសមាជិក គ្រូបង្វឹក កីឡាករ កីឡាការិនី​គប្បីត្រូវតែ រួមគ្នាគ្នាជាធ្លុងមួយ ដើម្បីសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ក្នុងគោលដៅបន្ត​ភាព​រីក​ចម្រើនរបស់ខ្លួន និងបន្តភាពខ្លាំងក្លាលើឆាកអន្តរជាតិជាបន្តទៀត ដោយកន្លងមក​តេក្វាន់ដូ ITF កម្ពុជាបានឈ្នះមេដាយ មាសកម្រិតពិភពលោកជាប្រវត្តិសាស្ត្រជូនជាតិ ដែល​ដណ្តើមបានដោយកីឡាករ ប៉ាល់ ជីវ័ន្ត ។
    ឯកឧត្តម កែវ រ៉េមី ដែលបានទទួលការគាំទ្រ ១០០ភាគរយ ពីសមាជិកគណៈកម្មាធិការ​ប្រតិបត្តិសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានោះបានប្ដេជ្ញាខិតខំពង្រឹង និងអភិវឌ្ឍកីឡា​មាន​ប្រភព​ពីកូរ៉េខាងជើងមួយនេះឲ្យកាន់តែខ្លាំង ដើម្បីរក្សានិរន្ដរភាពក្នុងការប្រកួត​ប្រជែងលើ​ឆាក​អន្ដរជាតិ និងដណ្ដើមសមិទ្ធផលធំៗជូនជាតិបន្ថែមទៀត ។ ឯកឧត្តមបន្ថែមថា ការដឹកនាំ​កន្លងមក ទោះបីសម្រេចបាននូវលទ្ធផលល្អប្រសើរ តែមហិច្ឆតារបស់គ្រួសារតេក្វាន់ដូ ITF កម្ពុជាមិនទាន់បញ្ចប់នោះទេ ហើយឯកឧត្តមប្តេជ្ញាចិត្តបន្តដឹកនាំឆ្ពោះទៅរកភាពរីកចម្រើន ពិសេសសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីការប្រកួតប្រជែង និងដណ្ដើមមេ​ដាយជូន​ជាតិឱ្យបានតាមតែអាចធ្វើបាន ។

    មហាសន្និបាតបានដាក់ចេញនូវផែនការសំខាន់ៗ១០ ដើម្បីអនុវត្តន៍ និងពង្រឹងគុណ​ភាព​​តេក្វាន់ដូ ITF កម្ពុជារួមមាន៖
    ១.ពង្រឹង និងពង្រីកក្លិបតេក្វាន់ដូ នៅតាមរាជធានី និងខេត្ត និងគ្រឹះស្ថានរបស់រដ្ឋមន្ថែមទៀត។
    ២.បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងចៅក្រមអាជ្ញា​កណ្តាលកម្រិតជាតិ និងអន្តរជាតិឱ្យបានច្រើន។
    ៣.រៀបចំចងក្រងទិន្ន័យរបស់សហព័ន្ធ​តេក្វាន់ដូITF Databese។
    ៤.រៀបចំគេហទំព័ររបស់សហព័ន្ធ និងចងក្រងប្រវត្តិសហព័ន្ធ។
    ៥.ចូលរួមការប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១០ នៅប្រទេសចិន។
    ៦.រៀបចំធ្វើ​ជា​ម្ចាស់ផ្ទះការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២។
    ៧. ត្រៀមរៀបចំវគ្គ​ចៅ​ក្រម​អាជ្ញាកណ្តាលអន្តរជាតិ។
    ៨.ត្រៀមខ្លួនដើម្បីដណ្តើមមេដាយមាស ជូនជាតិសម្រាប់ស៊ីហ្គេម​លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
    ៩.ចូលរួមការប្រកួតជ្រើសរើសជើង​​ឯក​ពិភពលោកលើកទី២២ នៅប្រទេសចិន ឆ្នាំ២០២១ និងទ្វីបអាស៊ីលើកទី១១នៅប្រទេសឥណ្ឌា ឆ្នាំ២០២២។
    ១០.ខិតខំផ្សព្វផ្សាយកីឡាតេក្វាន់ដូ ITFដល់មហាជន ដើម្បីទទួលបាន​ការ​ឧបត្ថម្ភបន្ថែម ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី