
តាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងពេលចុះពិនិត្យបច្ចេកទេស និងផលប៉ះពាល់នៅការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៩នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកែលម្អ និងស្ថាបនាថ្មីចំនួន ០២ខ្សែ គឺផ្លូវទីមួយ ជុំវិញប្រាសាទបាយ័ន្តប្រវែង ១០២៤ម៉ែត្រ ទទឹង ០៥ម៉ែត្រ និងទីពីរ ផ្លូវវាងព្រះលានជល់ដំរី ប្រវែង ១៤២៧ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាប្រភេទអ៊ុតបេតុងកៅស៊ូ (AC) ពណ៌ក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ និងសាធារណជន ជាពិសេសកាត់បន្ថយបញ្ហាចរាចរ និងផលប៉ះពាល់ទៅលើប្រាសាទ និងមនុស្ស ព្រមទាំងរក្សាបាននូវតម្លៃទេសភាពវប្បធម៌ក្នុងតំបន់ប្រាង្គប្រាសាទផងដែរ ។ ការកែលម្អ និងស្ថាបនាផ្លូវនេះគ្រោងនឹងបញ្ចប់ក្នុងខែមិថុនាឆ្នាំ២០២០ខាងមុខនេះ ៕
ដោយ៖ សំណាង