
ក្លឹប Barcelona ទទួលបានការអនុញ្ញាតជាផ្លូវការហើយពីសហព័ន្ធបាល់ទាត់អេស្ប៉ាញក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធថ្មីមួយជាបន្ទាន់ បន្ទាប់ពីកីឡាករ Ousmane Dembele បន្តរបួសពេញមួយរដូវកាលនេះ ។
ក្លឹបមិនទាន់បានប្រកាសជាផ្លូវការណាមួយនៅឡើយទេ ។ ប៉ុន្តែគេនៅចាំមើលថាតើក្រុមយក្សនៃក្របខណ្ឌ LaLiga មួយនេះ នឹងចុះហត្ថលេខាលើកីឡាករណាមួយ ។ ហើយកាលពីព្រឹកថ្ងៃច័ន្ទនេះការសែត Mundo Deportivo បានដាក់ឈ្មោះខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម Leganes កីឡាករ Martin Braithwaite គឺឈរនៅកំពូលតារាក្នុងការចុះហត្ថលេខារបស់ Barcelona ។ ក្នុងករណីណាក៏ដោយ Barca នឹងអាចត្រឹមតែចុះហត្ថលេខាលើកីឡាករនៅក្នុងលីគរបស់អេស្ប៉ាញ ឬកីឡាករគ្មានខ្លួនប៉ុណ្ណោះ ដើម្បីមកជំនួស Dembele ។ ហើយខ្សែប្រយុទ្ធថ្មីដែលទើបតែចុះកុងត្រានេះនឹងមិនមានសិទ្ធិចូលរួមការប្រកួតក្នុងក្របខ័ណ្ឌ Champions League ទេ ។ ខណះ Barcelona មានរយៈពេល ១៥ ថ្ងៃដើម្បីបញ្ចប់ការចុះហត្ថលេខាថ្មីនេះ ។
គួររំលឹកថា Dembele បានទទួលរងនូវការដាច់រហែកសរសៃពួរជើងខាងស្ដាំកាលពីពីរសប្តាហ៍មុន ។ កីឡាករបារាំងរូបនេះបានធ្វើការវះកាត់កាលពីថ្ងៃអង្គារសប្ដាហ៍មុន ។ ហើយខាងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លឹប Barcelona បានបញ្ជាក់ថា ខ្សែប្រយុទ្ធកំពូលរបួសរូបនេះនឹងត្រូវខកខានរយៈពេលរហូតដល់ ៦ ខែឯណោះ ដែលនឹងធ្វើឱ្យរូបគេវត្តមានពីទីលានរហូតដល់ចប់រដូវកាលនេះ ។ ហើយបើយោងតាមច្បាប់បាល់ទាត់អេស្ប៉ាញ បាននិយាយថា បើក្លឹបណាមួយមានកីឡាកររងរបួសយ៉ាងហោចណាស់រយៈពេលប្រាំខែ នោះក្លឹបនឹងមានសិទ្ធចុះហត្ថលេខាយកកីឡាករជំនួសបាន ប៉ុន្តែកីឡាករនោះត្រូវតែនៅក្នុងលីគប៉ុណ្ណោះ ៕
ដោយ៖ តារា