Del Piero ៖ វាសនារបស់លោក Pep Guardiola ត្រូវកំណត់ឱ្យធ្វើជាគ្រូបង្វឹក Juventus

69312
  • អតីតកីឡាកររបស់ក្លិបសេះបង្កង់ Juventus លោក Alessandro Del Piero បានលើកឡើងថា វាអាចជាវាសនារបស់លោក Pep Guardiola ដែលត្រូវទៅដឹកនាំក្រុមម្ចាស់ជើងឯក Serie A ក្លឹប Juventus ចំពេល Manchester City កំពុងជាប់បម្រាមរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ។

    ការរំពឹងទុកទាក់ទងនឹងការផ្លាស់ប្តូរទៅកាន់ទីក្រុង Turin សម្រាប់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤៩ឆ្នាំរូបនេះត្រូវបានលេចឡើងជាថ្មី។ UEFA បានដាក់ពិន័យក្លឹបមេឃខៀវ Manchester City ឱ្យជាប់បម្រាមរយៈពេល ២ ឆ្នាំពីការចូលរួមប្រកួតក្របខ័ណ្ឌ Champions League ពីបទរំលោភលើបទប្បញ្ញត្តិស្តីពី Financial Fair Play ។ ឥឡូវនេះមានសំណួរជាច្រើនកំពុងត្រូវបានគេសួរថា តើអនាគតនឹងទៅជាយ៉ាងណាសម្រាប់បុរសសំខាន់ៗក្នុងនិងក្រៅទីលាននៃកីឡដ្ឋាន Etihad ។ លោក Guardiola ទើបតែបានបន្តកុងត្រារបស់គាត់នៅប្រទេសអង់គ្លេសរហូតដល់ឆ្នាំ២០២១ ឯណោះ ។ អ្នកចាត់ការទូទៅរូបនេះក៏អាចដើរចេញពីកិច្ចព្រមព្រៀងនេះនៅរដូវក្ដៅខាងមុខផងដែរ ស្របពេលដែលលោក Maurizio Sarri កំពុងមិនទទួលបានទំនប់ចិត្តនៅឯ Juventus នោះ ត្រូវបានគេនិយាយថា កៅអីរបស់ស្ដេចបារីរូបនេះអាចនឹងផ្ទេរទៅឱ្យលោក Guardiola នៅរដូវកាលក្រោយផងដែរ ។

    លោក Del Piero បានប្រាប់អ្នកយកព័ត៌មាននៅឯពានរង្វាន់ Laureus Sports នៃភាពមិនប្រាកដប្រជាជុំវិញលោក Guardiola ថា៖ “ នៅក្នុងប្រទេសអ៊ីតាលីមានពាក្យចចាមអារាមជាច្រើនបាននិយាយថា គ្រូបង្វឹកនិងកីឡាករជាច្រើននឹងចាកចេញពីក្លឹប ។ បាល់ទាត់ទាំងមូលគិតថា ពួកគេអាចលួចអ្វីមួយពី Manchester ។ កាលពីរដូវក្តៅមុនមានការពិភាក្សាជាច្រើនដែលថា គាត់នឹងមកដឹកនាំនៅ Juventus ហើយរឿងនោះនៅតែកើតឡើង ” ។

    ម្ចាស់ជើងឯកបាល់ទាត់ពិភពលោករូបនេះបានបន្ថែមទៀតថា៖ “ គ្រប់ក្លិបទាំងអស់នៅលើពិភពលោកនឹងស្រឡាញ់គាត់ក្នុងនាមជាគ្រូបង្វឹក ហើយខ្ញុំចង់ឃើញ Pep នៅប្រទេសអ៊ីតាលី ។ គាត់បានឈ្នះនៅអេស្ប៉ាញ អាឡឺម៉ង់ និងអង់គ្លេស ។ ប្រសិនបើយើងដើរតាមមាគ៌ានោះ ខ្ញុំគិតថាប្រហែលជាជោគវាសនារបស់គាត់ដែលត្រូវទៅ Juve ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី