
យោងតាមការសែត Don Balon បានឱ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងពិចារណាលើការចាប់អារម្មណ៍តារាឆ្នើមចំនួន ២រូបរបស់គូរប្រកួតប្រជែងរបស់ខ្លួនក្រុម Manchester City គឺកីឡាករ Kevin De Bruyne និង Aymeric Laporte ។
ការហាមប្រាមរបស់សហព័ន្ធបាល់ទាត់ទ្វីបអ៊ឺរ៉ុប UEFA ដែលមិនអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងពានរង្វាន់ Champions League ចំនួន ២រដូវកាល និងពិន័យជាទឹកប្រាក់ចំនួន ៣០លានអឺរ៉ូ ទៅលើក្រុមជើងឯកក្របខណ្ឌ Premier League ក្លឹបមេឃខៀវ Manchester City ដែលកំពុងធ្វើឱ្យមានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ក្លឹបអាចនឹងត្រូវបង្ខំឱ្យលក់កីឡាករសំខាន់ៗជាច្រើនរូប ដើម្បីធ្វើឱ្យមានតុល្យភាពចំណូលរបស់ខ្លួន ខណះក្រុមរបស់លោក Pep Guardiola ក៏កំពុងប្រឈមនឹងធ្លាក់ទៅលីគលំដាប់ទី៤ របស់អង់គ្លេសថែមទៀតផង ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំង Raheem Sterling និងលោក Pep Guardiola បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការបន្តស្នាក់នៅ Manchester City ខណះក្លឹបអ្នកមានអង់គ្លេសនេះក៏មានបំណងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់ UEFA វិញផងដែរ ដែលវាហាក់ដូចជាមិនទំនងទេដែលពួកគេត្រូវទទួលការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបែបនេះ ហើយប្រសិនបើការដាក់បម្រាមចូលជាធរមានមែននោះ កីឡាករឆ្នើមៗស្ទើរតែទាំងអស់អាចនឹងត្រូវដើរចេញពីក្លឹបនេះជាក់ជាមិនខាន ៕
ដោយ៖ តារា