
បណ្តាញសារព័ត៌មានវៀតណាមបានឲ្យដឹងថា មានករណីផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅខេត្តត្រាវិញភាគខាងត្បូងប្រទេសវៀតណាម ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ។
ក្រុមមន្ត្រីជំនាញវៀតណាមបានបញ្ជាក់ថា កសិដ្ឋានចញ្ចឹមមាន់ពីរកន្លែងស្ថិតនៅស្រុកករកេ (Cau Ke) នៃខេត្តត្រាវិញត្រូវបានគេតេស្តរកឃើញវីរុស A/H5N1 បន្ទាប់មកសត្វមាន់ជាង ១,០០០ក្បាលត្រូវបានសម្លាប់ចោលផងដែរ ។ ដើម្បីបង្ការកុំឲ្យរីករាលដាលនៃជំងឺនេះ មន្ត្រីជំនាញវៀតណាមក៏បានណែនាំដល់ប្រជាជនដែលមានកសិដ្ឋានចិញ្ចឹមមាន់ទាំងអស់នៅក្នុងតំបន់ឲ្យចេះសម្អាតកន្លែងចញ្ចឹមមាន់ឲ្យបានពីរដងក្នុងមួយថ្ងៃ ។
សូមបញ្ជាក់ថា វៀតណាមបានរាយការណ៍អំពីការផ្ទុះជំងឺផ្តាសាយបក្សីចំនួន ១៦លើក ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ ដែលមានជំងឺផ្តាសាយបក្សីប្រភេទ A/H5N6 ចំនួន ១៤ករណី និងប្រភេទ A/H5N1 ចំនួន ០២ ករណីនៅភាគខាងជើងទីក្រុងហាណូយ ហើយអាជ្ញាធរបានសម្លាប់មាន់ជាង ៥៥០០០ក្បាលផងដែរដើម្បីបង្ការការឆ្លងរាលដាល ៕
ដោយ៖ រ៉ាយូ