Klopp ប្រាប់ថា លោកគ្មានថ្ងៃទៅដឹកនាំក្លឹបនៅអ៊ីតាលីនោះទេ ព្រោះតែរឿងអស់សំណើចមួយ

32900
  • ​លោក Jurgen Klopp បានបង្ហើបប្រាប់ថា​ លោក​មិន​មាន​គម្រោង​នឹង​ប្ដូរ​ទៅ​ដឹក​នាំ​ក្លឹប​នៅ​ក្នុង​លីគ​កំពូល​អ៊ីតាលី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុន​នេះ​នោះទេ ។ អ្នក​ចាត់ការ​ដែល​មាន​វ័យ​ ៥២ឆ្នាំ​រូប​នេះ​ទទួល​បានជោគ​ជ័យ​ខ្លាំង​ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ប្ដូរ​មក​កាន់​តួនាទី​ដឹកនាំ​ក្លឹប Liverpool ជំនួស​លោក Brendan Rodgers កាលពីរដូវក្ដៅ​ឆ្នាំ២០១៥ ។

    ចាប់តាំងពីពេល​នោះមក លោក Klopp បាន​ដឹកនាំ​ Liverpool ឱ្យ​ក្លាយ​ជាម្ចាស់តំ​ណែង​ជើង​ឯក​ Champions League ​​កាលពីឆ្នាំ២០១៩ ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិត​លើ​​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​រក​តំណែង​ជើង​​ឯក​លីគ​កំពូល​អង់គ្លេស​ដំបូង​របស់ខ្លួន​ក្នុ​ងរយៈពេល ៣ទសវត្សរ៍​ ក្រោយ​រក្សា​បាន​គម្លាត ២៥ពិន្ទុ​នាំ​មុខ​​ក្លឹប​ Manchester City ដែល​កំពុង​ឈរ​នៅ​លំដាប់​ទី២ ។
    ពេល​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយ Radio Anch’io Sport លោក Klopp បាននិយាយថា​ លោក​មិនមានគម្រោង​ប្ដូរ​ទៅ​ដឹក​នាំ​នៅ​លីគ​កំពូលអ៊ីតាលី​ក្នុង​ពេល​អនាគត​​នោះទេ ហើយ​​មូលហេតុ​ចម្បងនោះ គឺ​បញ្ហា​ភាសា ។

    អតីតគ្រូ Borussia Dortmund រូបនេះបានរៀបរាប់ថា៖ “ខ្ញុំ​នឹង​មិន​ប្ដូរ​ទៅដឹកនាំ​ក្លឹប​នៅ​អ៊ីតាលីនោះទេ ព្រោះខ្ញុំចង់​ដើរ​កម្រាន្តក្រោយ​​ចប់អាជីព​របស់ខ្ញុំ។ ខ្ញុំ​ត្រូវការ​ស្រាល្អ​មួយ​កែវ ខ្ញុំ​នឹង​រីករាយជាមួយ​លោក Arrigo Sacchi ឬជួបជាមួយលោក Carlo Ancelotti ឬលោក Maurizio Sarri ។ ខ្ញុំ​ចូលចិត្ត​ប្រទេស​របស់អ្នក ទាំងមានធាតុអាកាស​ល្អ ទាំងមានអាហារឆ្ងាញ់ៗ ។ ប៉ុន្តែបើទៅធ្វើការ​នៅ​ទី​នោះ ខ្ញុំ​ត្រូវចេះភាសា ហើយភាសាអ៊ី​តាលី​​របស់ខ្ញុំ​មិន​សូវល្អទេ ។ ខ្ញុំ​ត្រូវការ​ពេលយ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ដើម្បី រៀន​ភាសា​អ៊ីតាលី​ បន្ទាប់មក​ទើប​ខ្ញុំ​អាចគិត​ដល់​រឿង​នេះ​បាន មានអ្នកណា​អាចដឹងមុន​នោះ ។ នៅថ្ងៃឈប់​សម្រាក​ ខ្ញុំ​នឹង​មក​ទីនេះ ប៉ុន្តែបើមកធ្វើជាអ្នកចាត់ការវិញ មាននរណា​អាច​ថា​បាន​មុនទៅ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី