សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសមួយ ចំនួនបានបិទរោងចក្រខ្លះរួចហើយដោយសារខ្វះវត្ថុធាតិដើមនាំចូលពីប្រទេសចិន ដែលចំណុចនេះ អាចនឹងធ្វើឱ្យ ខោ អាវ ឡើងថ្លៃនៅពេលខាងមុខនេះ ។
ក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧ នាក់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ “សេដ្ឋកិច្ចកម្ពុជានឹងប៉ះពាល់ខ្លះហើយ មិនមែនកម្ពុជាទេ នៅអាស៊ី អឺរ៉ុបក៏ប៉ះពាល់ដែរ ឱ្យតែនាំចូលវត្ថុធាតុដើមពីប្រទេសចិន” ។ សម្ដេចតេជោបានបន្ដថា ប្រទេសខ្លះបានកំពុងតែបិទទ្វាររោងចក្រខ្លះហើយ ដោយសាគ្មានវត្ថុធាតុដើម មកផលិត ព្រោះថាប្រទេសទំាងនោះ បានបិទជើងហោះហើរ ការដឹកនាំចូលតាមផ្លូវគោក និងផ្លូវទឹក។ ប៉ុន្តែកម្ពុជាមិនបានបិទនោះទេ ហើយកម្ពុជាឆ្លៀតបានទិញវត្ថុធាតុដើមដូចជា ក្រណាត់ដែលបាននាំចូលតាំងពីថ្ងៃបុណ្យចូលឆ្នាំចិនខ្លះៗដែរ ។
សម្ដេចតេជោបានលើកឡើងថា ការសម្រេចដកការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមកកម្ពុជានោះមិនបានប៉ះពាល់ដល់ការបិទទ្វាររោងចក្រនៅកម្ពុជានោះទេ។ ប៉ុន្តែអ្វី ដែលប៉ះពាល់ខ្លះនោះមិនថាកម្ពុជានោះទេ ប្រទេសនៅលើពីភពលោកគឺដោយសារជំងឺកូរ៉ូណាថ្មី ដែលពិភពលោកបានព្រួយបារម្ភ។ សម្ដេចតេជោបានអះអាងថា បើគេដកអនុគ្រោះពន្ធ កម្ពុជា នឹងបង់ពន្ធជូនគេ តែទីផ្សារកម្ពុជានៅសហភាពអឺរ៉ុបគឺនៅតែបើកសម្រាប់កម្ពុជាដដែល ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសជំហរថា មិនធ្វើការឆ្លើយតបនឹងការសម្រេចអនុគ្រោះពន្ធនេះទេ ព្រោះថា កម្ពុជាត្រៀបបង់ពន្ធជូនគេរួចហើយដោយចំណាយជាង ១០០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ៕
ដោយ៖ សំណាង