
រាជរដ្ឋាភិបាលបានបង្ហាញថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ កម្ពុជាបានរំដោះផ្ទៃដីមានមីនបានប្រមាណជាង ១៩៧៩ លានម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ការងារបង្កបង្កើនផល ធ្វើស្រែចំការ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទំាងប្រទេស ។
យោងតាមសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបលើកទី២១ នៃទិវាជាតិ យល់ដឹងអំពីមីន ២៤ កុម្ភៈឆ្នាំ ២០២០បានឲ្យដឹងថា សកម្មភាពបោសសំអាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាលក្ខណៈមនុស្សធម៌នៅកម្ពុជា មានរយៈពេល ២៨ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ គឺបានរំដោះផ្ទៃដីមានមីន បានប្រមាណចំនួន ១៩៧៩ ៤៧៦ ៦២៣ ម៉ែត្រក្រឡា ។ ក្នុងនោះប្រតិបត្តិការដោះមីនត្រូវបានរកឃើញនិងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ចំនួនជាង ១លានគ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ជាង ២ម៉ឺន៥ពាន់គ្រាប់ គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ២លាន៨សែនគ្រាប់។
សារលិខិតបានបញ្ជាក់ទៀតថា លទ្ធផលនេះបានធ្វើឲ្យចំនួនជនរងគ្រោះថយចុះពីចំនួន ៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹមចំនួន៧៧នាក់ ក្នុងឆ្នាំ២០១៩កន្លងទៅ។
សមិទ្ធផលធំៗទាំងនេះ ពិតជាប្រសូតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាមិត្តដៃគូរអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិនិងអន្តរជាតិ ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋប្រើប្រាស់ បង្កបង្កើនផល ធ្វើស្រែចម្ការ កសាងភូមិដ្ឋាន កសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា កាត់បន្ថយជនរងគ្រោះដោយសារមីន និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ កម្ពុជានៅត្រូវការថវិការប្រមាណ ៣៧៧ លានដុល្លារ ដើម្បីធ្វើការបោសសម្អាតផ្ទៃដីដែលមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ពីសង្គា្រមប្រមាណ ៨០៦ គីឡូម៉ែត្រក្រឡាបន្ថែមទៀត ៕
ដោយ៖ សំណាង