រដ្ឋមន្ត្រីទេសចរណ៍៖ មុនចេញពីកម្ពុជាដ៏ស្រស់ស្អាត ភ្ញៀវលើនាវា Westerdam សន្យាថានឹងមកលេងអង្គរនៅពេលក្រោយ

38376
  • ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រតិភូក្រសួងចេញទៅសួរសុខទុក្ខភ្ញៀវទេសចរជាច្រើន ដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោយពីពួកគេចុះពីនាវា Westerdam នៅខេត្តព្រះសីហនុ ។

    ជាមួយនឹងទឹកមុខញញឹមរួសរាយរាក់ទាក់ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវភាពស្និទ្ធស្នាលគួរជាទីរីករាយចំពោះភ្ញៀវទេសចរ ខណៈសារស័ព្ទ Thank you very much (សូមអរគុណជាអនេក) ក៏បន្លឺឡើងតបត្រឡប់មកលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាមកវិញ រីឯឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរឱ្យការស្នាក់របស់ភ្ញៀវទាំងនោះសូមប្រកបដោយរីករាយវិញដែរ។
    ក្រោយការសម្ដែងនូវការស្វាគមន៍ និងសួរសុខទុក្ខនេះហើយ ឯកឧត្តម ថោង ខុន បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជា ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចដ៏ល្អរបស់សណ្ឋាគារ ភ្ញៀវទាំងអស់សុទ្ធមានការពេញចិត្តយ៉ាងខ្លាំង និងគោរពអរគុណចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះពួកគេតាំងពីនៅលើនាវារហូតដល់កន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ។
    ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖ “ភ្ញៀវទាំងអស់បានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តរបស់ពួកគាត់អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ហើយសន្យាថា នឹងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាប្រាសាទអង្គរវត្តនៅពេលក្រោយទៀត” ។
    ព្រមជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់អ្នកគ្រប់គ្រងសណ្ឋាគារ សូមឱ្យយកចិត្តទុកដាក់ផ្តល់បដិសណ្ឋារកិច្ចឱ្យបានល្អបន្ថែមទៀតដល់ភ្ញៀវទាំងនោះ ។

    សូមជម្រាបថា ភ្ញៀវទេសចរបរទេស និងក្រុមនាវិកដែលចេញពីនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញមានចំនួន ៥៩៨នាក់ ដែលនឹងធ្វើដំណើរនិវត្តន៍ទៅកាន់ប្រទេសរៀងខ្លួនជាបន្តបន្ទាប់ចាប់ពីយប់ថ្ងៃអង្គារនេះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី