ទើបតែបាន១០ថ្ងៃ ពេលនេះថៃមានខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សនៅផ្សារទំនើបមួយករណីទៀតហើយ

31209

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ដោយដកស្រង់សម្តីអាជ្ញាធរប៉ូលីសទីក្រុងបាងកកបានឲ្យដឹងថា នៅថ្ងៃអង្គារ៍ (ទី១៨ កុម្ភៈ) មានខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សម្នាក់និងម្នាក់ទៀតរងរបួសនៅឯផ្សារទំនើបមួយក្នុងទីក្រុងបាងកក ដែលនេះជាករណីទី២ ហើយបន្ទាប់ពីមានការបាញ់ប្រហារក្នុងផ្សារទំនើបមួយដោយទាហ៊ានជនជាតិថៃម្នាក់កាលពី ១០ថ្ងៃកន្លងទៅ ។

ប៉ូលីសថៃបានរៀបរាប់ថា ការបាញ់ប្រហារនៅឯផ្សារទំនើប Century The Movie Plaza ដែលស្ថិតនៅក្បែរវិមានជ័យជំនះ (Victory Monument) ក្នុងរដ្ឋធានី​បាងកកនេះ គឺកើតឡើងចេញពីបញ្ហាផ្ទាល់ខ្លួនហើយខ្មាន់កាំភ្លើងក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុផងដែរ ។
វរសេនីយ៍ឯក គ្រីសាណា ផាថាណាឆារឿន (Krissana Pattanacharoen) បានប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថា៖ “ក្នុងការបាញ់ប្រហារខាងលើនេះ មានមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួស” ។
ព្រមជាមួយគ្នានេះ ប៉ូលីសទីក្រុងបាងកកក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់អត្តសញ្ញាណជនសង្ស័យដែលបានប្រព្រឹត្តិអំពើនេះរួចហើយ ហើយបាននឹងកំពុងតាមចាប់ខ្លួនជនល្មើសខាងលើមកផ្តន្ទាទោសផងដែរ ។

សូមរំលឹកថា កាលពី ១០ ថ្ងៃមុន ក៏មានករណីទាហានជនជាតិថៃម្នាក់បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៣០ នាក់នៅឯផ្សារទំនើប Terminal 21 ដែលស្ថិតនៅនៅភាគឥសានខេត្តនគររាជសីមា ប្រទេសថៃ ផងដែរ ហើយអ្វីដែលជាងនេះទៅទៀតនោះ គឺមុននឹងឈានដល់ការបាញ់សម្លាប់មនុស្សក្នុងផ្សារទំនើបខាងលើ ជនល្មើសក៏បានសម្លាប់មេបញ្ជាការរបស់ខ្លួនព្រមទាំងទាហានផ្សេងទៀតនៅឯមូលដ្ឋានដែលខ្លួនស្នាក់នៅ និងមនុស្សជាច្រើននាក់ផ្សេងទៀតនៅក្នុងព្រះវិហារព្រះពុទ្ធសាសនាមួយផងដែរ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី