លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន WorldBridge Homes ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យបានប្រកាសឱ្យដឹងថា រហូតមកដល់ពេលនេះ លំនៅឋានទីក្រុងរណបសិរីមង្គល បានការសាងសង់រួចរាល់ប្រមាណជាង ៩០ភាគរយហើយ ក្នុងជំហានទី១ ដែលមានប្រមាណ ៦០០ផ្ទះ ហើយត្រៀមប្រគល់ជូនអតិថិជនចូលស្នាក់នៅឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ នៅក្នុងខែមេសា ឆ្នាំ២០២០នេះ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក យក់ សុធីរិទ្ធ បានលើកឡើងថា គម្រោងលំនៅឋាននេះ គឺសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក ដោយបច្ចុប្បន្នសម្រាប់ជំហានដំបូងនេះ គឺសម្រេចបានប្រមាណជាង៩០ភាគរយហើយ ពោល គឺនៅសល់តែការកែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ថា៖ “យើងគ្រោងការប្រគល់ផ្ទះក្នុងជំហានទី១នេះ មុនចូលឆ្នាំខ្មែរ ដែលមកទល់ពេលនេះមិនទាន់ប្រគល់បាន ទោះបីជាផ្ទះហើយ១០០ភាគរយក៏ដោយ ដោយសារតែរឿងការតទឹក តភ្លើង ហើយកំពុងធ្វើការជាមួយអ្នកទាំងនោះ ដើម្បីពន្លឿនការងារនេះឱ្យឆាប់ចប់ ឆាប់ៗខាងមុខនេះ”។
លោកនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន WorldBridge Homes បានបន្តថា គម្រោងលំនៅឋានសាធារណៈតម្លៃសមរម្យនៃទីក្រុងរណបសិរីមង្គលនេះ មានការសាងសង់ចែកចេញជា២ជំហាន ដោយជំហានទី១ សាងសង់រួចរាល់ស្ទើរតែ ១០០ភាគរយ និងជំហានទី២ ក៏កំពុងតែសាងសង់បានប្រមាណជា ៣០ភាគរយហើយដែរ។ លោកបានបន្ថែមថា ចំពោះការលក់លំនៅឋានក្នុងជំហានទី១គឺ លក់បានប្រមាណជាង៨០ភាគរយ ហើយ គឹស្មើជាង៦០០ខ្នងផ្ទះ ហើយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅក្នុងដំណាច់ឆ្នាំចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១នេះផងដែរ។
ក្នុងការអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge Homes កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍កោតសរសើរចំពោះគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល និងជាគម្រោងគំរូសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅឋានដទៃទៀតក្នុងតំបន់ ជាពិសេសគឺប្រភេទគម្រោងលំនៅឋានតម្លៃសមរម្យ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីក៏បានអរគុណដល់លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Homes ដែលមានឆន្ទៈខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញតម្រូវការលំនៅឋានតម្លៃសមរម្យជូនបងប្អូនប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ដោយបង្កើតនូវទីក្រុងរណបមួយនេះ ឱ្យមានរូបរាងពិតប្រាកដ មានលក្ខណៈសម្បត្ដិពេញលេញដោយមានជាគេហដ្ឋាន ផ្សារ សាលារៀន គ្លីនិក សុខភាព សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសេវាឡានក្រុងសាធារណៈជាដើម។
សូមបញ្ជាក់ថា ក្រុមហ៊ុន WorldBridge Homes គឺជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យ ដែលស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល សាងសង់ លើផ្ទៃដីសរុបប្រមាណ២៣ហិកតា មានចំនួន ២,៤៥៧ផ្ទះ និងទុនវិនិយោគប្រមាណ ៧៣ លានដុល្លារអាម៉េរិក ៕
ដោយ៖ សំណាង