
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃទីពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិនបានប្រកាសថា ចំនួនមនុស្សស្លាប់ដោយសារមេរោគ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងលើស ២,០០៤នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ ៧៤,១៨៥នាក់ ។
ហើយកាលពីថ្ងៃអង្គារ ទី១៨ម្សិលមិញនេះមានមនុស្សចំនួន ១៣៦នាក់បន្ថែមទៀតបានស្លាប់ និងមនុស្សឆ្លងមេរោគ COVID-19 ថ្មីទៀតមានចំនួន ១,៧៤៩នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន ។ ដោយឡែកនៅក្រៅចិនដីគោកវិញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីននេះមានចំនួន ៩០៥នាក់ ក្នុងនោះជប៉ុនជាប់លេខ ២ បន្ទាប់ពីចិន ដែលអ្នកផ្ទុក COVID-19 រហូតដល់ខ្ទង់ ៦០០ករណីឯណោះ ។
សូមឱ្យដឹងផងដែរថា មកទល់ពេលនេះករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមានចំនួន ៥ ករណីហើយ រួមមាន៖ ១ករណីនៅកោះតៃវ៉ាន់, ១ករណីនៅទីក្រុងហុងកុង, ១ករណីនៅប្រទេសហ្វីលីពីន, ១ករណីនៅប្រទេសជប៉ុន និង ១ករណីទៀតនៅប្រទេសបារាំង ៕
ដោយ៖ រ៉ាយូ