
លោក Jose Mourinho គ្រូបង្វឹករបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បាននិយាយថា គាត់នឹងមិនពឹងផ្អែកលើកីឡាករ Son Heung-min ម្តងទៀតទេនៅរដូវកាលនេះ បន្ទាប់ពីបានឃើញខ្សែប្រយុទ្ធឆ្នើមរូបនេះត្រូវបានសម្រាកព្យាបាល ក្រោយមានបញ្ហារបួសបាក់ដៃដ៏ធ្ងន់ធ្ងរ ។
ក្លិបយក្សអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារថា Son នឹងទទួលការវះកាត់លើបញ្ហារបួសនេះ ដែលអាចអនុញ្ញាតឱ្យតារាជើងស៊ុតប្រចាំទ្វីបអាស៊ីរូបនេះនឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ ដែលអាចឱ្យគេខកខានលេងរហូតដល់ចប់រដូវកាល ២០១៩/២០២០នេះ ។ កីឡាករអន្តរជាតិកូរ៉េខាងត្បូងរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងក្លាយជាខ្សែប្រយុទ្ធជួរមុខសម្រាប់ក្រុម Spurs ក្នុងការអវត្តមានរបស់ Harry Kane ដែលបានរងរបួសសរសៃពួរធ្ងន់ធ្ងរកាលពីខែមករាកន្លង ។ Kane មិនត្រូវបានគេរំពឹងថា នឹងវិលចូលទីលានវិញទេរហូតដល់ខែមេសា ហើយលោក Mourinho មិនអាចបន្ថែមខ្សែប្រយុទ្ធថ្មីទៀតនោះទេ ដោយសារទីផ្សារដោះដូរនារដូវរងារបានបិទទ្វាបាត់ទៅហើយ ។
Son រកបានពីរគ្រាប់ទៀតក្នុងកំឡុងពេលទទួលជ័យជម្នះ ៣-២ លើក្រុម Aston Villa កាលពីថ្ងៃអាទិត្យ ដោយរកគ្រាប់បាល់សរុបសម្រាប់រដូវកាលនេះបានចំនួន ៩ គ្រាប់ហើយ ។ លទ្ធផលនោះបានធ្វើឱ្យក្រុម Tottenham បានឈានទៅរកចំណាត់ថ្នាក់ទី៥ នៅក្រោមក្រុមលេខ៤ Chelsea នៅក្នុងតារាង Premier League ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះលោក Mourinho នឹងត្រូវបង្ខំចិត្តពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់គាត់មុនពេលការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយប៉ះជាមួយក្រុមកំពុងឡើងជើង RB Leipzig នៅថ្ងៃពុធនេះ ។
លោក Mourinho បានប្រាប់សន្និសីទសារព័ត៌មានមួយនៅពេលត្រូវបានស្នើឱ្យពិភាក្សាអំពីរបួសរបស់ Son ថា៖ “យើងនឹងនឹកគាត់ ។ ក្លឹបបានសរសេរសេចក្តីល្អ។ ប្រសិនបើខ្ញុំជាអ្នកសរសេរសេចក្តីថ្លែងការណ៍ខ្ញុំនឹងសរសេរខុសគ្នា។ យើងនឹកគាត់ ។ ខ្ញុំនឹងមិនពឹងផ្អែកលើគាត់ម្តងទៀតទេនៅរដូវកាលនេះ ។ ប្រសិនបើគាត់លេងពីរឬបីប្រកួតនោះគឺដោយសារតែគាត់មានសុទិដ្ឋិនិយម ប៉ុន្តែខ្ញុំមិនពឹងផ្អែកលើគាត់ទេ ” ។
លោកបន្តថា៖ “ស្ថានភាពមិនអាក្រក់ជាងនេះទេ។ នោះគឺជាក់ស្តែង។ គ្មានអ្វីដែលយើងអាចធ្វើបានទេ។ យើងនឹងលេងជាមួយកីឡាករដែលយើងមាន។ ខ្ញុំមានការព្រួយបារម្ភអំពីការមិនមានជម្រើសប្រយុទ្ធនៅលើកៅអីបម្រុង និងជម្រើសប្រយុទ្ធនៅលើទីលាន ។ គ្មានខ្សែប្រយុទ្ធ គ្មានទីផ្សារទេ គ្មានអ្វីអាចជួយបានទេ គឺមានតែក្រុមកីឡាកររបស់យើងប៉ុណ្ណោះ។ ក្រុមអ្នកគាំទ្ររបស់ Tottenham នោះគឺជារឿងតែមួយគត់ដែលខ្ញុំបានស្នើសុំ ពីព្រោះចំពោះកីឡាករខ្ញុំមិនអាចសួរច្រើនជាងអ្វីដែលពួកគេកំពុងផ្តល់នោះទេ” ៕
ដោយ៖ តារា