ការប្រកួតកីឡាជាតិ លើកទី៣ នឹងចាប់ផ្ដើមនៅថ្ងៃទី៤-១៥ ខែឧសភា ឆ្នាំ២០២០នេះ

61612
  • ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការជម្រាបជូនសហព័ន្ធកីឡាជាតិទាំងអស់ថា ការប្រកួតកីឡាជាតិ​ (National Games) លើកទី៣ ឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យរៀបចំការប្រកួត ដើម្បីគោលដៅបង្កើនគុណភាព ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ។

    ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាប កាលពី​ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ដែលគ្រោងនឹងដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ធំ ដោយមានការចូលរួមពី២៥រាជធានី-ខេត្ត និង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានប្រភេទកីឡាចំនួន៣០ និងមាន ២៨៧វិញ្ញាសា។
    រដ្ឋមន្ត្រីក្រសួងអប់រំបានអះអាងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើក នាថ្ងៃទី០៥ ឧសភា និងពិធីបិទ នាថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

    សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិនេះត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង ដោយកាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០១៦, កីឡាជាតិ លើកទី២ បានធ្វើឡើងកាលពីឆ្នាំ២០១៨ និងលើកទី៣ គ្រោងនឹងធ្វើឡើងនាដើមខែឧសភា ឆ្នាំ២០២០នេះ ដោយគ្រោងនឹងរៀបចំឱ្យមានប្រភេទកីឡាចំនួន៣០ និង ២៨៧វិញ្ញាសា ដើម្បីឱ្យកីឡាករ កីឡាការិនីទាំង ២៥រាជធានី-ខេត្ត និង ៣ក្រសួង បានចូលរួមប្រកួតប្រជែងដណ្ដើមយកមេដាយ ។ គោលដៅដ៏ធំចម្បងនៃព្រឹត្តិការណ៍កីឡាជាតិរៀងរាល់ ២ឆ្នាំម្តងនេះ គឺដើម្បីសម្រួចគោលដៅបង្កើនគុណភាពនៃការរៀបចំនានា ដូចជាពិធីបើក ពិធីបិទ រួមទាំង បច្ចេកទេសនៃប្រភេទកីឡានានាឱ្យបានកាន់តែខ្លាំងក្លាយ ដើម្បីឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រនៃការទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម​ លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី