ក្រសួងកសិកម្ម ស្នើរឱ្យអ្នកចិញ្ចឹម និងប្រកបអាជីវកម្មសត្វចូលរួមទប់ស្កាត់ការឆ្លងជម្ងឺផ្តាសាយបក្សី

137284
  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឲ្យអ្នកចិញ្ចឹមសត្វ និងអ្នកប្រកបអាជីវកម្មសត្វចូលរួមទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី ខណៈក្នុងប្រទេសវៀតណាមភាគខាងត្បូងវីរុសប្រភេទ A/H5N1 ដែលជាប្រភពចម្លងជំងឺផ្តាសាយបក្សី កំពុងផ្ទុះឡើង ដោយសម្លាប់សត្វមាន់អស់ជាង ៥ម៉ឺនក្បាល ។

    សារាចរណ៍ណែនាំរបស់ឯកឧត្តម វ៉េង សាខុន រដ្ឋមមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ ដែលឆ្លងកាត់តាមព្រំដែន តាមអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ និងពីខេត្តមួយទៅខេត្តមួយ ឬពីតំបន់មួយទៅតំបន់មួយ ។
    ជាមួយគ្នានេះ ក៏បានជំរុញឲ្យពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឲ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹមបក្ស កន្លែងប្រមូលផ្តុំបក្សី និងសត្តឃាតដ្ឋានបក្សី ព្រមទាំង បង្កើនការអង្កេត តាមដ្ឋាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងប្រទេស និងចាត់វិធានការឲ្យទាន់ពេលវេលា ក្នុងករណីសង្ស័យផ្ទុះជំងឺផ្តាសាយបក្សី។
    ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជំរុញការបង្កើនការអប់រំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋានចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អ្នកពិឃាតបក្សី អ្នកធ្វើអាជីវកម្មទិញ-លក់បក្សី និងផលិតផលពីបក្សី យកចិត្តធ្វើអនាម័យបាញ់មេរោគ និងអនុវត្តវិធានការជីវសុវត្ថិភាព ក្នុងការចិញ្ចឹមបក្សី ពេលចរាចរដឹកជញ្ជូនបក្សីជាដើម ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី