ក្រសួងទេសចរណ៍ ណែនាំឱ្យគ្រប់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងអស់ទប់ស្កាត់វីរុស Covid-19

104162
  • យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ដើម្បីបង្ការការចម្លងជំងឺរលាកសួតវីរុស Covid-19 គ្រប់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងអស់ ត្រូវផ្សព្វផ្សាយជាសាធារណៈ នូវចំណេះដឹង និងការណែនាំផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ទៅដល់ភ្ញៀវទេសចរ និងបុគ្គលិក ដូចជា ធ្វើផ្ទាំងផ្សព្វផ្សាយព័ត៌មានដែលពន្យល់ពីការលាងដៃនិងការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ។

    ត្រូវផ្តល់សាប៊ូនិងទឹកអនាម័យសម្អាតដៃ និងទឹកអាល់កុលលាងដៃ។ កន្លែងលាងដៃ និងកន្លែងផ្តល់ម៉ាស់ គួរតែរៀបចំនៅក្នុងបរិវេណភោជនីយដ្ឋាន ជាពិសេសនៅតាមកន្លែងនានា ដូចជាទ្វាចូលបង្គន់ បញ្ជរគិតលុយជាដើម មិនតែប៉ុណ្ណោះ ត្រូវបង្កើនការយល់ដឹង ដល់ចុងភៅ និងបុគ្គលិកអនាម័យ អំពីហានិភ័យនៃចម្លងមេរោគពីភ្នាក់ងារ ចម្លងមេរោគដោយលើកឡើងពីសារៈសំខាន់នៃការ ការពារខ្លួនដូចជា ការពាក់ម៉ាស់ និងស្រោមដៃ ក្នុងអំឡុងពេលកំពុងធ្វើការ និងត្រូវសម្អាតសម្ភារប្រើប្រាស់ឲ្យបានញឹកញាប់ ដូចជា តុបាយ ប្រដាប់ប្រដាប្រើប្រាស់សម្ភារផ្ទះបាយ និងឧបករណ៍សម្អាត ។
    ប្រភពដដែលបានបញ្ជាក់ទៀតថា ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ គួរតែគាំទ្រយុទ្ធនាការអនាម័យដល់បុគ្គលិក ដោយការលាងដៃឱ្យបានញឹកញាប់ និងលាងដៃគ្រប់ពេលបន្ទាប់ពីកាន់ឧបករណ៍ ឬប្រដាប់ប្រដាប្រើប្រាស់ ដែលត្រូវ ប៉ះពាល់ញឹកញាប់ និងត្រូវកំណត់កាលវិភាគឲ្យបានទៀងទាត់ សម្រាប់លាងសម្អាតសម្ភារប្រើប្រាស់ ឬទីកន្លែងដែលមានការកាន់ប៉ះពាល់ជាប្រចាំ ដូចជា តុបាយ ដៃទ្វារបង្គន់ ត្រូវសម្លាប់មេរោគនិងអាកុលបានយ៉ាងតិច២ដងក្នុង១ថ្ងៃ។ ត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលប្រមូលកាកសំណល់ដូចជាក្រដាសអនាម័យ ដែលប្រើរួចនៅក្នុងបន្ទប់ទឹក ឬក្រដាសអនាម័យដែលកខ្វក់ដោយសារប្រឡាក់សំបោរឬទឹកមាត់ ដោយត្រូវពាក់ស្រោមដៃឬប្រើប្រដាប់ចាប់ប្រមូលសំរាមដែលកខ្វក់គឺជាការសំខាន់ក្នុងការទប់ស្កាត់ការចម្លងមេរោគ។ រាល់ពេលបោះចោលសំរាមដែលកខ្វក់ត្រូវតែចងមាត់ថង់ឱ្យបានជិតនឹងត្រូវលាងសម្អាតដៃ។
    ក្រសួងទេសចរណ៍ បន្ថែមទៀតថា ភោជនីយដ្ឋានធំៗដែលមានបុគ្គលិកច្រើន គួរតែអនុវត្តតាមវិធីណែនាំនេះ មុនពេលចាប់ផ្ដើមធ្វើការ ហើយប្រសិនបើបុគ្គលិកមានជំងឺត្រូវអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី