នាយករដ្ឋមន្ដ្រី៖ វិថីម្ហូបអាហារជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ

91878
  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា វិថីម្ហូបអាហារជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ និងជាផ្នែកមួយនៃទេសចរម្ហូបអាហារ ដែលផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានទៅនឹងជីវភាពប្រជាជន វប្បធម៌ និងទំនៀបទម្លាប់ ព្រមទាំងជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារឲ្យរីកលូតលាស់បានយ៉ាងមានប្រសិទ្ធភាព ។

    នេះបើយោងតាមសារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាឱកាសទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងដែលមាន វិថីម្ហូបអាហារស្អាត នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ ។ សម្តេច បានបន្តថា វិស័យទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនងជាសារវ័ន្ដពីរគឺ ម្ហូបអាហារជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ដ៏ទាក់ទាញ។ សម្ដេចតេជោ បានឲ្យដឹងទៀតថា ម្ហូបអាហារជាទូតនាំសារ អំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ទៅភ្ញៀវទេសចរជាតិ និងអន្ដរជាតិ និងបានបង្កើតភាពចង់ចាំដល់ទេសចរអំពីគោលដៅដែលបានទស្សនា។ សម្ដេចតេជោ បន្ថែមថា ត្រង់ចំណុចទាំងអស់នេះ កម្ពុជាចាំបាច់ត្រូវកែច្នៃ ចងក្រងខ្លឹមសារបកស្រាយ បង្ហាញ និងលើកគុណភាពតម្លៃអំពីម្ហូបអាហារ ដែលសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះបម្រើឲ្យសេវាកម្មទេសចរណ៍ផង និងចូលរួមលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
    សម្ដេចតេជោ បានឲ្យដឹងទៀតថា ចំណាយជាមធ្យម ប្រមាណ ២៥% របស់ភ្ញៀវទេសចរលើចំណីអារហារនេះគឺជាការផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន និងការបង្កើតថ្មីម្ហូបអាហារ ក៏រួមចំណែកបង្កើតអត្តសញ្ញាណនៅតាមគោលដៅទេសចរណ៍ដែលគាំទ្រដល់ការផ្សព្វផ្សារ ទេសចរណ៍ ពិសេសទេសចរណ៍ម្ហូបអាហារកំពុងតែទទួលបានការពេញនិយមពីភ្ញៀវទេសចរ ព្រោះថាភ្ញៀវទេសចរនឹងធ្វើដំណើរទៅតំបន់ណាមួយ គឺដើម្បីភ្លក់រស់ជាតិម្ហូបអាហារនៅតំបន់គោលដៅនោះ ។

    សម្ដេចតេជោ បញ្ជាក់បន្ថែមថា ការរៀបចំវិថីឲ្យមាន ម្ហូបអាហារនៅតាមទីក្រុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទីក្រុង និងទេសចរណ៍ទីក្រុង ដែលចាំបាច់គ្រប់ក្រុង ខណ្ឌ ស្រុកទាំងអស់ ត្រូវមានវិថីម្ហូបអាហារមួយយ៉ាងតិចដូចប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងមានវិថីម្ហូបអាហារស្អាត» ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី