
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានបង្កើនការរឹតបន្តឹងងច្បាប់ចរាចរណ៍ដោយគ្មានការយោគយល់ ដើម្បីធានាឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២០កាន់តែមានភាពថយចុះ។
ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យមន្រ្ដីនគរបាលចរាចរណ៍បង្កើនការអនុវត្តការពិន័យ ដោយគ្មានការយោគយល់ ដើម្បីកែប្រែឥរិយាបទរបស់ប្រជាពលរដ្ឋទូទៅឱ្យកាន់តែមានការគោរពច្បាប់ចរាចរណ៍ ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ការពិន័យដោយគ្មានការយោគយល់នេះ មន្រ្ដីនគរបាលចរាចណ៍ត្រូវប្រើឥរិយាបទទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីពន្យល់ និងអប់រំប្រជាពលរដ្ឋអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់អាយុជីវិត នៅពេលបើកបរមិនគោរពច្បាប់មិនបានត្រឹមត្រូវ។
ប៉ូលិសចរាចរណ៍នៅកម្ពុជា ស្លូតជាងប៉ូលិស នៅបណ្តាប្រទេសជាច្រើនទៀត ដោយពេលខ្លះថែមទាំងអង្វរ អ្នកជិះខុសច្បាប់ថែមទៀតផង ។ ទោះបីជា សម្តេច ពេញចិត្តឥរិយាបទបែបនេះ ក៏ដោយប៉ុន្តែសម្តេចឲ្យបង្កើនការរឹតបន្តឹង ការផាកពិន័យ ដោយគ្មានការយោគយល់ ព្រោះកម្ពុជាប្តេជ្ញា កាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍ឲ្យបាននៅឆ្នាំ២០២០នេះ ។ ទោះបីជាមានកំនើនយានយន្ត ឬហេដ្ឋរចនាសម្ព័ន្ធ មិនទាន់រលូន ក៏ដោយ ប៉ុន្តែយើងប្តេជ្ញាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ។
សម្តេចក្រឡាហោមបានកត់សម្គាល់ឃើញថា ក្រោយពីក្រសួងបានដាក់វិធានរឹតបន្តឹងច្បាប់ចរាចរណ៍នាដើមឆ្នាំ២០២០នេះ ករណីមិនគោរពច្បាប់ និងអត្រាគ្រោះថ្នាក់ចរាចរណ៍ គឺមានការថយចុះ ។
សូមបញ្ជាក់ឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួន ៦១៤១នាក់ ៕
ដោយ៖ សំណាង