ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន នឹងរៀបចំនូវមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅ CJCC ដោយបញ្ចូលកម្មវិធីសាកល្បងភ្លក់ម្ហូប និងបង្អែមខែ្មរ-ជប៉ុន ការសាកល្បងស្លៀក«ក្បិន»ខ្មែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មហោស្រពឆ្នាំនេះនឹងមានកម្មវិធីជាច្រើនទៀតដូចជាសិក្ខាសាលាទាក់ទងនឹង សិល្បៈ អប់រំ សុខភាព និងបច្ចេកវិទ្យា សាកល្បងភ្លក់ម្ហូប និងបង្អែមខែ្មរ-ជប៉ុន សាកល្បងស្លៀក «ក្បិន» ខ្មែរ និងពាក់ «យូកាតា» ជប៉ុន សាកល្បងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស «អូរីហ្គាមី» តុបតែងផ្កា «អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ជាដើម។
រូបតំណាង
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ប្រធានបទសម្រាប់មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាក្នុងឆ្នាំនេះគឺ « អានុភាពកីឡា »។ ដោយសារតែប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិកឆ្នាំនេះ ដូច្នេះមហោស្រពគីហ្សូណា ក្រោមប្រធានបទ «អានុភាពកីឡា»។
កម្មវិធីសំខាន់នៅក្នុងមហោស្រពនេះមានដូចជា៖ -ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ពីម៉ោង១៨:៣០ ដល់ម៉ោង២០:០០កម្មវិធីបើកមហោស្រព ការសម្តែងរបាំប្រពៃណី និងសម័យរបស់ជប៉ុន និងកម្ពុជា (ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ)។ -ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ពីម៉ោង០៩:០០ ដល់ម៉ោង១០:០០សិក្ខាសាលា និងការសម្តែងក្បាច់រាំ លើកទឹកចិត្ត, ពីម៉ោង១០:០០ ដល់ម៉ោង១១:០០ សាកល្បងសកម្មភាពជាមួយកីឡាករផារ៉ា, ពីម៉ោង១៤:០០ ដល់ម៉ោង១៦:០០ សិក្ខាសាលាស្តីពីបាល់ទាត់ដោយ Soltilo, ពីម៉ោង១៨:០០ ដល់ម៉ោង១៩:០០ ការសម្តែង និងសិក្ខាសាលា របាំ Awa Odori។ -ថ្ងៃសៅរិ៍ ទី២២ ខែកុម្ភៈ ពីម៉ោង០៩:០០ ដល់ម៉ោង១២:០០ កម្មវិធីសាកល្បងប្រាជ្ញាសប្បាយៗស្តីអំពីជប៉ុន និងកម្ពុជា, ពីម៉ោង១៤:០០ដល់ម៉ោង១៥:៣០ ការប្រគំតន្រ្តីក្លាស៊ិកដោយ Worldship Orchestra និងក្រុមតន្រី្តយុវជនអង្គរ, ពីម៉ោង១៨:០០ ដល់ម៉ោង១៩:០០ ការប្រគំ តន្រ្តីដោយក្រុម Mortal Combat និងសិល្បការិនីរ៉េប សាំង សុខសេរី។ -ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ពីម៉ោង០៩:៣០ ដល់ម៉ោង១២:០០សាកល្បងជាមួយកីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា (កីឡាយូដូ ការ៉ាតេដូ អៃគីដូ និងក្បាច់គុនល្បុក្កតោ), ពីម៉ោង១៥:០០ ដល់ម៉ោង១៦:៣០ តោះយើង Cosplay Kizuna ២០២០, ពីម៉ោង១៨:០០ ដល់ម៉ោង១៩:៣០ ការសម្តែងល្ខោនស្បែកតូច និងយីកេ។
ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួមនឹងមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រទេសជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើវប្បធម៌ខ្មែរ និងជប៉ុន តាមរយៈការចូលរួមកម្មវិធីនានាក្នុងមហោស្រពនេះ។
ស្ថានទូតជប៉ុន សូមគោរពអញ្ជើញអ្នកសារព័ត៌មាន ចូលរួមយកព័ត៌មានក្នុងកម្មវិធីបើកនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨:៣០នាទី ដល់ម៉ោង២០:០០នាទី ព្រមទាំងកម្មវិធីផ្សេងៗនៃមហោស្រពនេះកុំបីខាន។
សម្រាប់ការចុះឈ្មោះយកព័ត៌មាន និងការសាកសួរព័ត៌មាន សូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុនដែលមានទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (លេខភ្ជាប់បន្ត ១១២១) ឬ ផ្ញើអ៊ីម៉ែល info.jpn@pp.mofa.go.jp។ សម្រាប់ព័ត៌មានបន្ថែមស្តីពី មហោស្រពនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ «Japan Cambodia Kizuna» ។
បង្អែមខ្មែរ
សូមបញ្ជាក់ថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២០លើកទី៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅCJCC ដែលជាកម្មវិធីវប្បធម៌ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាជំរុញការផ្លាស់ប្តូរបន្ថែមរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ពីរផងដែរ ៕
ដោយ៖ ស្រស់