ប្រាក់រង្វាន់៣៣៤លានរៀលបានប្រគល់ជូនកីឡាជនបញ្ញាខ្សោយកម្ពុជា ដែលឈ្នះមេដាយពីអូឡាំពិកពិភពលោក

38231
  • ឯកឧត្តម សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៣៣៤លានរៀលជូនដល់ប្រតិភូ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា (កីឡាជនបញ្ញាខ្សោយ) នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ។

    ម្ចាស់ជ័យលាភីកីឡាជនបញ្ញាខ្សោយកម្ពុជា ដែលដណ្ដើមបានមេដាយនេះមានចំនួន ១០គ្រឿង ក្នុងនោះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៤គ្រឿង ពីព្រឹត្តិការណ៍កីឡាស្ប៉េស្យ៉ាល់អូឡាំពិករដូវក្តៅពិភពលោក ឆ្នាំ២០១៩ (Special Olympics World Games ABU DHABI 2019) កាលពីថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង ABU DHABI នៃប្រទេសអារ៉ាប់រួម។
    កីឡាករ កីឡាការិនីជនបញ្ញាខ្សោយកម្ពុជាចំនួន៧នាក់ ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប ១០គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង មេដាយប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៤គ្រឿង ដោយកីឡាការិនី រឿង លក្ខិណា ឈ្នះបានមេដាយមាស ២គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ៦០លានរៀល និងកីឡាករ ផុន សុវណ្ណ ឈ្នះបានមេដាយប្រាក់១ និងសំរឹទ្ធ១ ទទួលបានប្រាក់រង្វាន់សរុប ៣៦លានរៀល ក្រៅពីនេះ ម្ចាស់មេដាយប្រាក់ និងសំរឹទ្ធ ៥នាក់ផ្សេងទៀត ឈ្នះមេដាយម្នាក់ត្រឹម១គ្រឿងដូចគ្នាៗ ដោយមេដាយមាស ១គ្រឿង ទទួលបាន ៣០លានរៀល ប្រាក់ ២០លារៀល និងសំរឹទ្ធ ១៦លានរៀល សរុបទាំងអស់ចំនួន ៣៣៤លានរៀល។
    ក្នុងឱកាសនោះ ឯកឧត្តម សែម សុខា បានណែនាំឲ្យកីឡាករកីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្ដើមមេដាយពីការប្រកួតអន្ដរជាតិមកជូនជាតិ។ ជាមួយនេះឯកឧត្តម បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ អោយចូលរួមទាំងអស់គ្នា ក្នុងការយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឲ្យអត្តពលិកខ្សោយសតិបញ្ញា បានហ្វឹកហាត់ ត្រួតពិនិត្យសុខភាព និងចូលរួមការប្រកួតនានា ពិសេសក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកនៅជិតបំផុតរបស់កីឡាករ កីឡាការិនីខ្សោយសតិបញ្ញា ដែលជាកត្តាសំខាន់ ក្នុងការបំផុសជម្រុញលើកទឹកចិត្តដល់ពួកគាត់ដើម្បីចូលរួមប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស្ប៉េស្យ៉ាល់អូឡាំពិករដូវក្តៅនេះ ត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង ដោយកាលពីឆ្នាំ២០១៥ បានធ្វើឡើងនៅសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០២៣ គ្រោងនឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី