Reinier ស្រក់ទឹកភ្នែកដោយនិយាយថា៖ វាជាក្តីសុបិនរបស់ខ្ញុំក្នុងការលេងឱ្យ Real Madrid

25028
  • បន្ទាប់ពីត្រូវបានប្រកាសជាកីឡាកររបស់ក្លិប Real Madrid ជាផ្លូវការ ខ្សែបម្រើវ័យក្មេង Reinier បានបង្ហាញពីការលំបាកដែលគាត់ត្រូវស៊ូទ្រាំដើម្បីធ្វើឱ្យការផ្លាស់ប្តូរនេះក្លាយជាការពិត ។

    កីឡាករសញ្ជាតិប្រេស៊ីល Reinier Jesus Carvalho ដែលទើបឈានចូលវ័យ ១៨ ឆ្នាំកាលពីខែមករាកន្លងទៅនេះ បានចូលរួមជាមួយក្រុមយក្សនៃក្របខណ្ឌ LaLiga ក្លឹបស្ដេចស Real Madrid ពីក្លិបប្រេស៊ីល Flamengo ក្នុងតម្លៃផ្ទេរប្រហែល ៣៥ លានអឺរ៉ូ ប៉ុន្តែបានត្រឹមចាប់ផ្តើមអាជីពដំបូងរបស់ខ្លួនជាមួយក្រុម Castilla (ក្រុមលំដាប់ទី២ របស់ Real Madrid ) ដើម្បីសម្របខ្លួនជាមួយទឹកដីអេស្ប៉ាញ មុនពេលឈានជើងចូលក្រុមធំនាពេលខាងមុខ ។

    Reinier បានប្រាប់អ្នកសារព័ត៌មានអំពីការផ្ទេរនេះថា៖ “ វាជាក្តីសុបិនសម្រាប់ខ្ញុំក្នុងការលេងឱ្យ Real Madrid ។ នេះជាសុបិនមួយសម្រាប់គ្រួសារខ្ញុំទាំងអស់ ។ នេះតែងតែជាក្រុមរបស់ខ្ញុំ ហើយខ្ញុំនឹងផ្តល់អ្វីៗទាំងអស់របស់ខ្ញុំ ។ វាជាក្លឹបធំបំផុតនៅលើពិភពលោក ហើយមានសម្ពាធជាច្រើន ប៉ុន្តែខ្ញុំនឹងផ្តល់អ្វីៗទាំងអស់របស់ខ្ញុំ ” ។

    ខ្សែបម្រើវ័យក្មេងប្រេស៊ីលកំពុងលេចធ្លោរូបនេះបានបន្តឱ្យដឹងទៀតថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានទទួលឱកាសនេះ ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នា ដែលបានជួយខ្ញុំ និងគ្រួសាររបស់ខ្ញុំ ។ ឪពុករបស់ខ្ញុំ គឺជាវីរបុរសដ៏អស្ចារ្យបំផុតរបស់ខ្ញុំ  ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី