
អ្នកគ្រូបង្វឹករបស់ Manchester United លោក Jose Mourinho បានលើកឡើងថាគាត់គឺជាគ្រូបង្វឹកដែលមានអត្តចរិកល្អជាងគេបង្អស់នៅ Premier League ហើយគាត់គួរតែទទួលបានពានរង្វាន់អ្នកចាត់ការល្អ ប្រសិនបើមានពានបែបនេះ។
មតិរបស់គាត់ស្តាប់មើលទៅដូចជារាងអួតបន្តិចបើយើងមើលទៅលើការដឹកនាំកន្លងមក ប៉ុន្តែអ្នកចាត់ការក្រុមដែលមកពីប្រទេសព័រទុយហ្គាល់រូបនេះបាននិយាយថាគាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យការប្រព្រឹត្តរបស់កាត់នៅក្រៅទីលាននោះមានភាពប្រសើរឡើង បើទោះបីជាគាត់បានសារភាពថាគាត់មិនមែនល្អឥតខ្ចោះនោះទេ។
លោក Mourinho បាននិយាយថា «ខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការយកពានគ្រូបង្វឹកឆ្នើមឲ្យទាល់តែបាន។» «ខ្ញុំមិននិយាយលេងសើចនោះទេ។»
«មានពានរង្វាន់ជាច្រើនដូចជា កីឡាករឆ្នើមប្រចាំសប្តាហ៍ គ្រូបង្វឹកឆ្នើមប្រចាំខែ និងរង្វាន់នេះរង្វាន់ន? ហើយពួកគេគួរតែផ្តល់ពានគ្រូបង្វឹកដែលសម្តែងអាកប្បកិរិយាល្អពេលបញ្ជាកូនក្រុម ហើយគួរតែអនុញ្ញាតឲ្យមន្ត្រីអាជ្ញាកណ្តាលទីបួនជាអ្នកវាយតម្លៃ។
«ខ្ញុំជឿថាបើមានមែន នោះពិតជាបានមកខ្ញុំ។ ខ្ញុំនិយាយមែន! ខ្ញុំមិនដែលបង្កើតបញ្ហាអ្វីទាល់តែសោះជាមួយមន្ត្រីអាជ្ញាកណ្តាលទីបួន លើកលែងតែម្តងនោះកាលពីប្រកួតនៅទឹកដី Southampton នៅពេលដែលខ្ញុំលូកជើងចូលក្នុងទីលាន។
«ខ្ញុំនិយាយពិតមែន ខ្ញុំបានរៀបចំខ្លួនរួចជាស្រេច ខ្ញុំពិតជាសប្បាយរីករាយណាស់។ ខ្ញុំមិនចេះតែខឹងច្រលោតផ្តេសផ្តាស់ទេ។ មែនខ្ញុំមិនល្អឥតខ្ចោះទេ តែក្នុងការប្រកួតខ្ញុំអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
«ខ្ញុំមិនអាចថាខ្ញុំកែពីអាក្រក់ទៅល្អឥតខ្ចោះបានទេប៉ុន្តែខ្ញុំអាចព្យាយាមបន្តិចម្តងៗបាន។ ខ្ញុំរីករាយនឹងអ្វីដែលខ្ញុំកំពុងព្យយាមធ្វើ និងអ្វីដែលកំពុងកើតឡើង។
ទោះបីជាគាត់ធ្លាប់ទទួលបានកាតក្រហមក្នុងរដូវកាលនេះ ព្រមទាំងបានធ្វើការតវ៉ាជាមួយអាជ្ញាកណ្តាលជាច្រើនលើកច្រើនសារក៏ដោយ ក៏ Mourinho បាននិយាយថាគាត់សប្បាយចិត្តចំពោះគុណភាពដឹកនាំរបស់គាត់នៅអង់គ្លេសនេះ។
គាត់បានបន្ថែមថា «ខ្ញុំមានអារម្មណ៍ថាបាល់ទាត់អង់គ្លេសមានកេរ្តិ៍តំណែលវប្បធម៌ ប្រពៃណី និងគុណភាពផ្សេងៗទៀតដែលធ្វើឲ្យខ្ញុំចូលចិត្តពេលប្រកួតម្តងៗ។»
«ប៉ុន្តែពេលខ្លះខ្ញុំមានការអន់ចិត្តដែរ ហើយខ្ញុំត្រូវតែការពារកីឡាកររបស់ខ្ញុំ ជាក់ស្តែងដូចជា Alexis ទទួលបានការស្វាគមន៍មិនអាចទទួលយកបានទេ។
«មែនគាត់ជាកីឡាករដែលមិនសូវទន់ភ្លន់ ប៉ុន្តែគាត់មានបេះដូងបរិសុទ្ធ។ គាត់អាចយកឈ្នះរឿងទាំងឡាយបានទោះក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ដូចជាពេលប្រកួតជាមួយ Huddersfield ។ ខ្ញុំមិនចង់ប្រើពាក្យថាការពារកីឡាករណាម្នាក់ទេ ព្រោះជាធម្មតាកីឡាករណាក៏ខ្ញុំត្រូវការពារឲ្យបានស្មើៗគ្នាដែរ។
ដោយ៖ តារា