
ស្ដ្រីម្នាក់ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ ៣៩ឆ្នាំ ដែលមហាជនតែងតែឃើញសកម្មភាពលក់ផលិតផលតាម Facebook ជាមួយការស្លៀកពាក់មិនសមរម្យខ្លាំង ឬ Sexy និងត្រូវបានអ្នកលេង Facebook នាំគ្នារិះគន់ខ្លាំងៗនោះ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងសមត្ថកិច្ចទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំង Live Video សុំទោសជាសាធារណៈចំពោះការស្លៀកពាក់របស់ខ្លួនកន្លងមក ។
មន្ដ្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានបន្ថែមទៀតថា កម្លាំងសមត្ថកិច្ច នឹងបន្ដចាត់វិធានចំពោះអ្នកលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ដទៃទៀត ដែលបញ្ចេញសាច់និងកន្លែងកេរ្តិ៍ខ្មាសហួសហេតុ ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ ។
ក្នុងកិច្ចសន្យារបស់ ថៃ ស្រីនាង មានខ្លឹមសារយ៉ាងដូច្នេះថា៖
-នាងខ្ញុំបាន Live លក់ផលិតផល និងសំលៀកបំពាក់លក់តាម On Line រយៈពេលកន្លងមក នាងខ្ញុំបានស្លៀកពាក់មានភាពស៊ីចស៊ី លិចលើខើចក្រោម ដែលធ្វើឲ្យប៉ះពាល់ដល់តំលៃ និងកិត្ដិយសរបស់ស្ដ្រីខ្មែរ វប្បធម៌ប្រពៃណីជាតិ និងច្បាប់ជាធរមាន
-នាងខ្ញុំសូមសន្យា ដកចេញនូវរាល់រូបភាពស៊ិចស៊ី អាក្រាត ក្នុង Page របស់នាងខ្ញុំផុតកន្លងមក។
-នាងខ្ញុំសូមសន្យាថាឈប់បង្ហោះរូបភាព ស៊ិចស៊ី អាក្រាត ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀតឡើយ ប្រសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើ នាងខ្ញុំសុខចិត្ដទទួលខុសត្រូវចំពោះមុខច្បាប់ ទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ ។
ប្រតិបត្ដិការ និងចំណាត់ការរបស់អាជ្ញាធរយ៉ាងដូច្នេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការមិនសប្បាយចិត្តចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណីចាប់រំលោភផងដែរ ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ ៕
ដោយ៖ នីតា