
លោកជំទាវ Liurka Rodrœguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជំហរថា រដ្ឋាភិបាលគុយបានឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើវិស័យអប់រំ និងសុខាភិបាល ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ Liurka Rodrœguez Barrios មានសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា និងយល់ឃើញថា ប្រទេសទាំងពីរមានសក្តានុពលក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុង វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ជាមួយគ្នានេះ «ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រដ្ឋាភិបាលគុយបានឹងបន្តសហការជាមួយរាជរដ្ឋាភិបាល កម្ពុជា ដោយផ្តោតលើវិស័យអប់រំ និង សុខាភិបាល» ។
លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានលើកឡើងទៀតថា បន្ទាប់ពីបានបំពេញការងារមួយរយៈនៅកម្ពុជា លោកជំទាវបានមើលឃើញពីស្ថានភាពពិតជាក់ស្តែងនៅកម្ពុជា និងសូមវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលវែង និង ការរីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ Liurka Rodrœguez Barrios ដែលត្រូវបានរដ្ឋាភិបាលគុយបា តែងតាំងជាឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា ក្នុងគ្រាដែលប្រទេសកម្ពុជាជួបការលំបាក បន្ទាប់ពីបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងរងការហ៊ុំព័ទ្ធ សេដ្ឋកិច្ចយ៉ាងអយុត្តិធម៌កាលពីក្នុងអំឡុងទសវត្សទី៨០។ កាលនោះថ្វីបើគុយបាជាប្រទេសកំពុងអភិវឌ្ឍន៍ តែគុយបា មានចិត្តសប្បុរស និងបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល ។
មកដល់បច្ចុប្បន្នទំនាក់ទំនងការទូតផ្លូវការនៃប្រទេសទាំងពីរ កម្ពុជា និងគុយបា មានរយៈពេល៦០ឆ្នាំហើយ ហើយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបាន ពង្រឹង និងពង្រីកឥតឈប់ឈរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបលោកជំទាវឯកអគ្គរដ្ឋទូតគុយបាថា៖ ” ថ្វីបើកម្ពុជា និងគុយបា នៅឆ្ងាយពីគ្នា តែប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ និងមាន ទឹកចិត្តមនុស្សធម៌ដូចគ្នា ” ។
ផ្អែកតាមមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និង គុយបា មានកាលានុវត្តភាព ក្នុងការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ហើយនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលបានបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា និងបានជូនពរសូមឱ្យលោកជំទាវ Liurka Rodrœguez Barrios បំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ ៕
ដោយ៖ បូណា