
នៅទីបំផុតព្រះពុទ្ធរូបដ៏ធំដាប់ឆ្លាក់ដោយដៃជាងចម្លាក់ខ្មែរ នៅលើផ្ទាំងថ្មពិតៗ នៅភ្នំសំពៅទឹកដីខេត្តបាត់ដំបង ត្រូវបានសាងសង់ជិតរួចរាល់ហើយ ។ បន្ទាប់ពីរំលេចព្រះពុទ្ធបដិមាដ៏ធំមហិមាមួយអង្គនេះជាផ្លូវការ ភ្នំសំពៅនឹងក្លាយជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ភ្នំសំពៅជារមណីដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ក្នុងស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ ចំងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង ។
លើខ្នងភ្នំតំបន់កម្សាន្តចែកជា ៣សំខាន់ៗ ទី១ កំពូលភ្នំមានព្រះវិហារដែលអ្នកអាចមើលឃើញពីចំងាយហៅថា “ប្រាង” ទី២ “ល្អាងផ្កាស្លា” ទី៣ “គិរីរម្យ” ។ ប្រាងគឺជាកន្លែងសម្រាប់ប្ររព្ធពីធីបុណ្យសាសនាផ្សេងៗ ហើយអ្នកទេសចរណ៍អាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វើយពីលើខ្នងភ្នំនៅត្រង់តំបន់នេះបានយ៉ាងល្អ ។
ល្អាងផ្កាស្លាជាអាស្រមរបស់ព្រះសង្ឃ ដូនជី តាជី ។ នៅល្អាងផ្កាស្លាមានល្អាងជាច្រើនឋិតនៅក្នុងនោះដូចជា ល្អាងផ្កាស្លាង ល្អាងខ្យល់ ល្អាងត្រជាក់។ នៅក្បែរៗភ្នំសំពៅ មានចង្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលទាក់ទងនឹងរឿងព្រេងខ្មែរជាច្រើនគឺ រឿងរាជកុលនាងរំសាយសក់ មានភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម ដែលសុទ្ធតែរមណីយដ្ឋានធម្មជាតិ ៕
ដោយ៖ សំណាង